(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានផ្តួចផ្តើមគំនិត រៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០១៨ ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។
នេះជាឱកាសដ៏វិសេសមួយ ដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិស្សិតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្ត្រ និងព្រមទាំងស្រឡាញ់ចូលចិត្តចំណេះដឹងយន្តហោះ និងអាកាសចរ។ លើសពីនេះ យុវជន សិស្សនិស្សិត និងអ្នកចូលរួមទាំងអស់អាចសួរជាសំណួរចម្លើយ ទៅកាន់អ្នកបើកយន្តហោះដែលនៅទីនោះផ្ទាល់ ឯកទេស និងយុវជន សិស្សនិស្សិតនានា ដែលចូលរួមតាំងពិព័រណ័បង្ហាញអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្ត្រជាដើម។
កំឡុងពេលពិព័រណ៍នេះផងដែរ គឺមានសាលសិក្ខាសាលា ដែលបង្កើតឱកាសបន្ថែម ទៅដល់អ្នកចូលរួមមកទស្សនាចូលស្តាប់ សួរនិងឆ្លើយ ផ្លាស់ប្តូរបទពិសោធន៍រវាងវាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និងសិស្សនិស្សិតរវាងគ្នា។ ទន្ទឹមនឹងនេះ ក៏មានស្តង់លក់ម្ហូប និងភេសជ្ជៈសម្រាប់អ្នកចូលរួមទស្សនាទទួលទាន និងសម្រាកកម្សាន្តផងដែរ។
សម្រាប់យុវជនសិស្សនិស្សិតកម្ពុជាទាំងអស់ គួរតែចូលរួមឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យនេះ និងឱ្យវិស័យយន្តហោះ និងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន។
សូមជំរាបថា ពិព័រណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកងទ័ពជើងអាកាស និងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រសហការរៀបចំពីក្រុមហ៊ុន Helistar (Cambodia) និងអង្គការសែ្ទមកម្ពុជា។ បន្ថែមលើនេះ ក៏មានការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខ្មែរ ដែលបានផលិតឧបករណ៍អេឡិចត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដផ្សេងៗជាដើម។
ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ក្រុមយុវជនគឺ គាត់ស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និងមុខវិជ្ជាអំពីយន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្ត្រផងដែរ៕