(តាកែវ)៖ លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងការប្រកាសតែងតាំងអភិបាលរងខេត្តតាកែវ២រូប ដោយតែងតាំងលោក ម៉ឹង វុធី ពីនាយករដ្ឋបាលសាលាខេត្តតាកែវ មកជាអភិបាលរងខេត្តតាកែវ និងលោក មូល វិចិត្រ ពីអភិបាលក្រុងដូនកែវ មកជាអភិបាលរងខេត្តតាកែវ។

ថ្លែងនៅក្នុងឪកាសនោះ លោក ឡេង វី បានធ្វើការផ្ដាំផ្ញើដល់លោកអភិបាលរងខេត្តតាកែវ ដែលទើបតែងតាំងថ្មីថា ត្រូវចូលរួមគ្រប់គ្រងដឹកនាំធ្វើយ៉ាងណាឲ្យ រាល់ភារកិច្ចដែលរាជរដ្ឋាភិបាលដាក់ចេញមក ត្រូវអនុវត្តន៏ឲ្យបានជោគជ័យ ជាពិសេសចូលរួមគ្រប់គ្រងអភិវឌ្ឍន៏ខេត្ត និងការបំរើសេវាសាធារណ: ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើការជម្រុញឲ្យអភិបាលរងខេត្ត ដែលទើបតែងតាំងត្រូវធ្វើយ៉ាងណាសហការជាមួយ អាជ្ញាធពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:
នៅតាមមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕