(ប៉ៃលិន)៖ សាខាកាំកុងត្រូលប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន គណៈកម្មការផ្សារ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ នៅផ្សារព្រំថ្មី ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យ ទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគចំនួន៥៦គំរូ រួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតសាច់គោ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងម្ហូបអាហារផ្សេងៗ ទៀត ដើម្បីធ្វើតេស្តបឋម ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញម្ហូបអាហារដែលមានសារធាតុគីមី ដូចជា៖ មឹកចំនួន២គីឡូក្រាម ស្លឹកគូឆាយ ១គីឡូក្រាម ស្លឹកខ្ទឹម ២គីឡូក្រាម ហើយត្រូវបានដកហូតពីអាជីវករ យកមករក្សាទុកកម្ទេចចោល។ ជាមួយគ្នានេះ លោកប្រធានសាខា ក៏បានណែនាំដល់អាជីវករបញ្ឈប់ការយកមកលក់ដូរទៀត។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ជាប្រចាំឲ្យដូចភ្លាមរលឹម។
ជាមួយគ្នានោះ ប្រធានសាខាកាំកុងត្រូលខេត្ត បានអប់រំ ក៏ដូចជាពន្យល់ណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕