(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអប់រំអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារដល់លោកគ្រូ-អ្នកគ្រូ នៅសាបឋមសិក្សាស្រអែម ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូល ខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះថា ការចុះផ្សព្វផ្សាយអប់រំដល់លោកគ្រូ-អ្នកគ្រូ ដែលជាគ្រូកម្រង នៅសាលាបឋមសិក្សាស្រអែម នៅពេលនេះ គឺចង់ឱ្យពួកគាត់យល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណីអាហារដើម្បីឱ្យពួកគាត់យក ទៅផ្សព្វផ្សាយបន្តដល់សិស្ស ក៏ដូចជា ប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់ឱ្យមានការយល់ដឹងបន្តទៀតផងដែរ។
លោកបានបន្តថា បញ្ហាចំពោះមុខនៅពេលនេះ មន្ត្រីកាំកុងត្រូល ក្រៅពីការចុះពិនិត្យគុណភាពទំនិញនៅតាមទីផ្សារនានា មន្រ្តីក៏បានចុះអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមន្ត្រីរាជការ បានយល់ជ្រួតជ្រាបពីគុណភាពទំនិញនានាផងដែរ ជៀសវាងការទិញទៅទទួលទាននាំឲ្យប៉ះពាល់ដល់សុខភាព។
លោកបន្តថា «បើសិនជាពួកគាត់ជាគ្រូ បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារបានច្បាស់លាស់ នោះហាក់បីដូចជា បានចូលរួមក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋបានមួយផ្នែកធំដែរ។ ប៉ុន្តែបើយើងមិនបានយល់ច្បាស់ ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគមិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាព និងមានជំងឺផ្សេងៗ នាំឱ្យក្រុមគ្រួសារខាតបង់ថវិកាក្នុងការព្យាបាលជំងឺមិនខាន ហើយក្រៅពីនោះធ្វើឱ្យខាតបង់ពេលវេលា ក្នុងការប្រកបរបរផ្សេងៗមិនខាន»។
ជាមួយគ្នានេះដែរ លោក ដួង មុន្នី ក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ ដែលបានមករៀននៅពេលនេះ ពេលត្រឡប់ទៅវិញ ត្រូវធ្វើការផ្សព្វផ្សាយបន្តឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង ពិសេសមុននឹងទិញគ្រឿងឧបភោគ បរិភោគដែលគេវេចខ្ចប់ជាកំប៉ុងក្តី ជាដបក្តី ឬជាថង់ក្តីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ភភ្ជាប់នៅតាមកំប៉ុង ដបថង់ទាំងនោះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការប៉ះពាល់សុខភាព៕