(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំការងារបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេ នៅមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រធានការិយាល័យ នាយរងការិយាល័យ នាយផ្នែកការិយាល័យ និងលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ, អធិការរង និងមេប៉ុស្ដិ៍ទាំង៧ផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបញ្ជាក់ថា កិច្ចប្រជុំការងារបង្ក្រាបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមលុបបំបាត់ឲ្យអស់ ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន តាមផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេនានា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។
សូមជម្រាបថា រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៧,២២៩ករណី ឃាត់ខ្លួនមនុស្សជាង១.៥ម៉ឺននាក់ រឹបអូសគ្រឿងញៀនជាងកន្លះតោន៕