(បាលី-ឥណ្ឌូនេស៉ី)៖ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៉ី បានថ្លែងថា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានស្ថិរភាព និងឧត្តមភាពក្នុងគ្រប់វិស័យ វាអាចសម្រេចទៅបានដោយសារតែការដឹកនាំបែបប្រជាធិបតេយ្យ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៉ី បានថ្លែងបែបនេះ ក្នុងវេទិកាប្រជាធិបតេយ្យបាលីលើកទី១១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៉ី។
លោក ហោ ណាំបូរ៉ា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «មូលដ្ឋានគ្រឹះទាំងម៉ាក្រូ និងមីក្រូនៃការអភិវឌ្ឍទីផ្សារសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានស្ថិរភាព និងឧត្តមភាពក្នុងគ្រប់វិស័យ ដោយវាអាចសម្រេចទៅបាន ក៏ដោយសារតែការដឹកនាំបែបប្រជាធិបតេយ្យ ដែលបង្កើតឡើងនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកាន់តែបើកចំហរ មានតម្លាភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវវិបុលភាព សម្រាប់ប្រជាពលរដ្ឋ»។
លោក ហោ ណាំបូរ៉ា បានថ្លែងទៀតថា កម្ពុជាពិតជារីករាយណាស់ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចចាប់ផ្តើម ក៏ដូចជាក្នុងសកម្មភាពនានា នៃវេទិកាប្រជាធិបតេយ្យបាលីលើកទី១១។ លោកថ្លែងថា ប្រធានបទសម្រាប់វេទិកាលើកទី១១នេះគឺ «លទ្ធប្រជាធិបតេយ្យដើម្បីវិបុលភាព» ហើយប្រធានបទរងសំខាន់ៗចំនួន០២ទៀត រួមមានទី១៖ ការធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យ និងវិបុលភាពបរិយាប័ន្ន មាននិរន្តរភាព និងទី២៖ បច្ចេកវិទ្យា នវានុវត្តន៍ និងអនាគតនៃវិបុលភាព។
បើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៉ីរូបនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ប្រធានបទរងទាំងពីរ អាចចាត់ទុកថា គឺជាគ្រឹះដ៏សំខាន់នៅក្នុងគោលដៅយុទ្ធសាស្រ្ត ប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងរាប់ទសវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជា បានរួមបញ្ចូលចំណុចទាំងនេះ ទៅក្នុងការងារអភិវឌ្ឍប្រទេស ដោយផ្តោតទៅលើភាពត្រឹមត្រូវ នៃសេដ្ឋកិច្ច ភាពច្នៃប្រឌិត សមធម៌ និងនិរន្តរភាព។
លោកបានគូសបញ្ជាក់ថា កម្ពុជានឹងមិនផ្តល់និយមន័យលទ្ធិប្រជាធិបតេយ្យ ដូចដែលត្រូវបានកំណត់ឡើង ក្នុងបរិបទនៃលោកខាងលិចឡើយ តែផ្ទុយទៅវិញ ទទួលស្គាល់នូវការយល់ដឹងពេញលេញរបស់យើង អំពីនិយមន័យនៃពាក្យនេះ។ អ្វីដែលសមរម្យបំផុតនោះ គឺឲ្យកម្ពុជាអនុវត្ត ការគ្រប់គ្រងបែបប្រជាធិបតេយ្យ តាមរបៀបរបស់ខ្លួន ដើម្បីឆ្ពោះទៅរកវិបុលភាព។
វាគឺជារឿងចាំបាច់ក្នុងការកំណត់និយមន័យ «វិបុលភាព» ឲ្យបានហ្មត់ចត់ នៅក្នុងវេទិកានេះ ហើយកម្ពុជាបានវិភាគដោយយោងតាមលើកម្រិងថេរសំខាន់ នៃលទ្ធប្រជាធិបតេយ្យរបស់ខ្លួន ដោយក្នុងនោះរួមមានដូចជា៖ ការធ្វើប្រតិភូកម្មសេវាសាធារណៈសំខាន់ៗប្រកបដោយគុណភាព ទៅឲ្យប្រជាពលរដ្ឋ ការធ្វើវិមជ្ឈការអំណាចនយោបាយប្រមូលផ្តុំ ការធ្វើវិមជ្ឈការធនធានមនុស្ស ដើម្បីឲ្យពួកគេអាចបម្រើការ ប្រកបដោយប្រសិទ្ធភាព តាមគ្រប់វិស័យក្នុងសង្គម និងការធ្វើ ប្រជាធិបតេយ្យនីយកម្ម នៃស្ថាប័ននយោបាយ សម្រាប់ការត្រួតពិនិត្យ និងតុល្យភាពនៃអភិបាលកិច្ច និងការអនុវត្តល្អ។
លោក ហោ ណាំបូរ៉ា បានសង្កត់ធ្ងន់ៗថា សម្រាប់កម្ពុជា វិបុលភាពប្រជាធិបតេយ្យ ដែលប្រកបដោយគំនិតច្នៃប្រឌិត មានន័យថា តម្លៃវប្បធម៌មួយ ត្រូវបានកំណត់ដោយសាមគ្គីភាព នៃប្រជាជនកម្ពុជា ដែលនាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងរស់រវើក ក្រោមគោលដៅលុបបំបាត់ភាពក្រី ដើម្បីការពារបរិស្ថាន និងដើម្បីធានានូវសុខសន្តិភាព និងវិបុលភាពប្រជាជន។
សរុបសេចក្តីមក កម្ពុជានឹងបន្តអនុវត្តន៍យ៉ាងរស់រវើក នូវអភិបាលកិច្ចប្រជាធិបតេយ្យរបស់ខ្លួន សម្រាប់ប្រជាជនកម្ពុជា ជាមួយគោលដៅយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព ដែលស្របទៅលើការប្តេជ្ញាថ្នាក់ជាតិ អន្តរជាតិ និងក្នុងតំបន់របស់ខ្លួន ក្នុងការពង្រឹងវិបុលភាពប្រជាជន ដោយគោរពតាមនីតិរដ្ឋ សិទ្ធិមនុស្ស និងភាពទទួលខុសត្រូវ ក៏ដូចជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕