(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បានស្ទាក់ចាប់រថយន្តលុច្សស៊ីស០១គ្រឿង លួចដឹកឈើលោតឆ័ត្រទៅវៀតណាម លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
លោកវរសេនីយ៍ឯក ជា តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស, កម្លាំងជំនាញបានបង្ក្រាបការលួចដឹកជញ្ជូនឈើខាងលើនេះ។
លោកនាយការិយាល័យរូបនេះ ប្រាប់បន្តថា បន្ទាប់ពីឃើញរថយន្តដឹកឈើ កំពុងធ្វើដំណើរលើផ្លូវជាតិលេខ៧៨ កម្លាំងរបស់លោក ក៏ស្ទាក់ចាប់ជាក់ស្តែងតែម្តង ប៉ុន្តែអ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់។
បន្ទាប់ពីត្រួតពិនិត្យឃើញមានឈើកកោះចំនួន១៥សន្លឹក នគរបាលបាននាំមកស្នងការដ្ឋាននគរបាលខេត្ត ហើយនៅព្រឹកថ្ងៃដដែលនេះដែរ មន្ត្រីនគរបាលជំនាញបានប្រគល់រថយន្ត ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ៕