(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការបង្កើតរោងចក្រឧស្សាហកម្ម ខ្នាតយក្សរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាការចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនទៅមុខបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ដល់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បើកសម្ពោធជាផ្លូវការនូវរោងចក្រផលិតក្បឿង និងទុយោ ត្រូវបានសាងសង់ លើផ្ទៃដីជាង១១ហិកតា មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំបែបនេះ ជាការចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើនទៅមុខ រក្សាបានកំណើនសមស្រប តាមល្បឿនថេរមួយល្អ ដែលតាមការរំពឹងទុក គឺនៅឆ្នាំ២០១៩ ខាងមុខ អាចនឹងសម្រេចបានប្រមាណជា ៧,១%»។
បើតាមលោកទេសរដ្ឋមន្ត្រី ជាក់ស្តែងនៅឆ្នាំ២០១៧ កន្លងទៅនេះ វិស័យឧស្សាហកម្ម បានចូលរួមចំណែកក្នុងផលទុនសរុប ក្នុងស្រុក (ផសស) ចំនួន៣០% និងបានធ្វើការអភិវឌ្ឍ ព្រមទាំងពង្រីករចនាសម្ព័ន្ធសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្តោតសំខាន់ លើការពង្រីកមូលដ្ឋានផលិតកម្ម និងការធ្វើពិពិធកម្មមុខទំនិញឧស្សាហកម្ម ដោយតាមទិន្នន័យបង្ហាញថា ក្នុងឆ្នាំ២០១៨នេះ ទទួលបានលទ្ធផលប្រមាណជា២១% ខុសពីដំណាក់កាលមុន ដែលរចនាសម្ព័ន្ធឧស្សាហកម្ម ផ្តោតទៅលើផ្នែករោងចក្រកាត់ដេរ ស្ទើរតែ១០០%។
លោកថា នេះជាវឌ្ឍនភាពមួយ នៃការចូលរួមអនុវត្តប្រកបដោយផ្លែផ្កានូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។ ពិតប្រាកដណាស់ តាមរយៈការបង្កើតរោងចក្រថ្មីៗនៅទីនេះ នឹងរួមចំណែកផ្តល់ឱកាសការងារ ដ៏សម្បូរណ៍បែប ជូនប្រជាពលរដ្ឋ ព្រមទាំងជួយបង្កើនជីវភាពរស់នៅ ដល់ពួកគាត់ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការីគ្រប់ជាន់ថ្នាក់ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ពាណិជ្ជកម្មរបស់ខ្លួន ផលិតចេញនូវផលិតផលប្រកបដោយគុណភាពខ្ពស់ ទទួលស្គាល់ជាអន្តរជាតិសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងមានសមត្ថភាពប្រកួតប្រជែង ជាមួយផលិតផលបរទេស។
ថ្លែងក្នុងកម្មវិធីសម្ពោធ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានសង្ឃឹមថា ការវិនិយោគក្នុងវិស័យ ឧស្សាហកម្មទ្រង់ទ្រាយធំ របស់វិនិយោគិនក្នុងស្រុក ក៏ជាការចូលរួមចំណែកមួយជ្រុងតូច ក្នុងការលើកមុខមាត់ប្រទេស ក្នុងវិស័យឧស្សាហកម្ម តាមរយៈការបោះជំហាន ពីប្រទេសកសិកម្ម ទៅជាប្រទេសឧស្សាហកម្ម កាត់បន្ថយការនាំចូលសម្ភារៈ សំណង់ពីបរទេស និងជួយបង្កើនសេដ្ឋកិច្ចជាតិ។
លោកបានគូសបញ្ជាក់ដែរថា គ្រឿងចក្ររបស់រោងចក្រក្បឿង មានលទ្ធភាពផលិតក្បឿងបាន១៤០សន្លឹកក្នុងមួយនាទី ខណៈរោងចក្រទុយោ មានលទ្ធភាពផលិតទុយោបាន៥០០តោន ក្នុងមួយខែ។ ក្រៅពីរោងចក្រផលិតក្បឿង និងទុយោ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានផលិតផលបេតុង លាយស្រេចដើម្បីផ្គត់ផ្គង់តម្រូវការ ក្នុងវិស័យសំណង់ក្នុងប្រទេសផងដែរ៕