រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ស្នើឲ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ បន្ដផ្ដល់ឱកាសការងារដល់ស្ដ្រីខ្មែរ ដែលជាការងារសមរម្យ និងមានកម្រិតខ្ពស់
07-12-2018 11:20
(ភ្នំពេញ)៖ ខណៈដែលសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនពី១ឆ្នាំ ទៅ១ឆ្នាំ និងមានក្រុមហ៊ុនក្នុងស្រុកជាច្រើន បានបើកជាបន្ដបន្ទាប់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានស្នើឲ្យម្ចាស់ក្រុមហ៊ុន ក្នុងស្រុកទាំងអស់ បន្ដផ្ដល់ឱកាសការងារដល់ស្ដ្រីខ្មែរ ដែលជាកន្លែងការងារមួយសមរម្យ និងមានកម្រិតខ្ពស់។
ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការម៉ាក PANDORA និងនាឡិកាដៃម៉ាក BERING នៅផ្សារទំនើបអ៊ីអន២ សែនសុខ ដែលនាំចូលដោយក្រុមហ៊ុន សានដារ៉ា អ៊ិនដាសស្ទ្រី ឌីវេឡុបមេន នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធនោះ លោកស្រី អ៊ឹង កន្ថាផាវី បានស្វាគមន៍ចំពោះក្រុមហ៊ុន សានដារ៉ា អ៊ិនដាសស្ទ្រី ឌីវេឡុបមេន ដែលបានបង្កើតការងារ ជូនស្ដ្រីខ្មែរបន្ថែមទៀត ដោយក្នុងនោះ បច្ចុប្បន្នមានបុគ្គលិកចំនួនប្រមាណ៣០នាក់ កំពុងបម្រើការងារនៅទីនេះ ដែលភាគច្រើនជាស្ដ្រីខ្មែរ។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបន្ថែមទៀតថា ក្នុងនាមជារាជរដ្ឋាភិបាល លោកស្រី ក៏សូមស្វាគមន៍ទៅដល់សហគ្រិនខ្មែរ ដែលមានភាពសកម្ម និងមានគំនិតថ្មី ក្នុងការបង្កើតការងារ ជូនប្រជាពលរដ្ឋខ្មែរផងដែរ។ លោកស្រីបន្ដថា «ខ្ញុំសូមគាំទ្រ ដែលក្រុមហ៊ុនបានលើកទឹកចិត្ដឲ្យនារីខ្មែរ មានការងារធ្វើក្នុងក្រុមហ៊ុននេះ ដែលជាការងារមានកម្រិតខ្ពស់ និងមានជំនាញខ្ពស់»។
លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា «ក្រសួងកិច្ចការនារី គាំទ្រទៅដល់ក្រុមហ៊ុន ដែលផ្ដល់ឱកាសការងារទៅដល់ស្ដ្រីខ្មែរ ដែលជាការងារសមរម្យ និងមានកម្រិតខ្ពស់ឲ្យស្ដ្រីខ្មែរ អាចបំពេញការងារ នៅប្រទេសកម្ពុជា»៕