(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមក ដើម្បីឈានទៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ប៊ីលានដុល្លារ ដែលបានកំណត់កាលពីឆ្នាំ២០១៥ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ការអំពាវនាវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្នុងឱកាសចូលរួមបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលរៀបចំឡើងនៅរាជធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីនៃវៀតណាម។
នៅក្នុងសុន្ទរកថាបិទកម្មវិធី លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គវេទិកា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេវាកម្មឆ្លងកាត់ព្រំដែន, អនុស្សរណៈផ្លាស់ប្តូរចរាចរណ៍ផ្លូវគោក, កិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា ព្រមទាំងការសាងសង់ “ផ្សារដា” នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
«បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា! ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅប្រទេសកម្ពុជា មានប្រមាណ ២០៦គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ប៊ីលានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ១៨គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារ ប៉ុណ្ណោះ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
លើសពីនោះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តអនុសាសន៍ប្រមុខរដ្ឋប្រទេសទាំងពីរ និងសេចក្តីសម្រេចនានា ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ នាពេលកន្លងមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅដែលប្រទេសទាំងពីរបានកំណត់។
សូមជម្រាបថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ២,៧ប៊ីលានដុល្លារ គឺបានកើនឡើង ១៨,៧% ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម(Viet Nam News) ក្នុងឱកាសវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ។
ទន្ទឹមគ្នានេះដែរ កាលពីឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺកើនឡើង ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៦ កន្លងទៅ៕