(ភ្នំពេញ)៖ ជនត្រូវចោទទាំង៦នាក់ជាមេដឹកនាំក្រុមសហជីព ដែលត្រូវតុលាការកោះហៅ ឱ្យចូលខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសវនការជំនុំជម្រះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ គឺពួកគេមិនបានចូលខ្លួនតាមការកណត់ឡើង។
ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសាលសវនាការ គេសង្កេតឃើញវត្តមានក្រុមមេធាវីរបស់ជនត្រូវចោទចំនួន០៥នាក់ ហើយដើមបណ្តឹងនិងជាជនរងគ្រោះមួយចំនួន។ ប៉ុន្តែអវត្តមានដើមបណ្តឹងភាគច្រើន និងក៏អវត្តមាន មេធាវីរបស់ដើមបណ្តឹងផងដែរ។
ចៅក្រមជំនុំជម្រះនៃអង្គសវនាការ លោក អ៊ឹម វណ្ណ: បានប្រកាសដំណើរការជំនុំជម្រះ ដោយសំអាងហេតុនិងយល់ស្រប ពីតំណាងអយ្យការលោក លី សុផាណា និងការយល់ព្រមពីក្រុមមេធាវី ជនត្រូវចោទទាំង៦នាក់ ដោយមូលដូចគ្នាថា «ដីការកោះ បានធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ហើយជនត្រូវចោទ ប្ញមេធាវីបានទទួលគ្រប់ៗគ្នា និងជនត្រូវចោទទាំងអស់នោះ ក៏ធ្លាប់មានកំណត់ហេតុ សួរយកចម្លើយគ្រប់គ្នា រួចរាល់ហើយដែរ នៅដំណាក់ចំណាត់ការនីតិវិធី កន្លងមក ដូចច្នេះ អង្គសវនាការ ប្រព្រឹត្តទៅបាន»។
សូមរំលឹកថា មេសហជីពធំៗ ចំនួន០៦រូប រួមមានលោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវបានតុលាការកោះហៅឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនការជំនុំជម្រុះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស, បទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ កាលពីឆ្នាំ២០១៣-២០១៤។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានធ្លាប់បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះសហជីពមួយចំនួននៅក្នុងចំណោមសហជីពទាំង០៦រូបខាងលើ មិនមានវត្តមាននៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកបានអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសហជីពពួកលោក នឹងបើកឱ្យធ្វើសកម្មភាពស្របតាមច្បាប់ឡើងវិញ។
សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕