(សៀមរាប)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរ «ឧបករណ៍និស្សន្ទ» ដែលកំពុងមានសកម្មភាពផុលផុសនៅកម្ពុជានាពេលបច្ចុប្បន្ននោះ នៅឆ្នាំ២០១៨នេះ គណៈកម្មការមូលបត្រកម្ពុជា បានជ្រើសរើសខេត្តចំនួន៥ ធ្វើសកម្មភាពផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងពីការជួញដូរ «ឧបករណ៍និស្សន្ទ» នេះ។ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនជួញដូរ «ឧបករណ៍និស្សន្ទ» ឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមសកម្មភាពផ្សព្វផ្សាយនេះជាមួយនឹងគណៈកម្មការមូលបត្ររបស់កម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ខេត្តចំនួន៣ហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលគណៈកម្មការមូលបត្រ និងក្រុមហ៊ុន គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចុះបើកសិក្ខាសាលាផ្សព្វផ្សាយពីការជួញដូរបែបថ្មីមួយនេះ។ ខេត្តពីរទៀតដែលគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន គោលដេន អេហ្វអិកស៍ លីង ឃែភីថល នឹងចុះធ្វើការផ្សព្វផ្សាយបន្តនោះរួមមានខេត្តបន្ទាយមានជ័យ និងបាត់ដំបង។
សិក្ខាសាលាស្តីពីការជួញដូរ «ឧបករណ៍និស្សន្ទ» នៅតាមបណ្ដាខេត្តនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹងពីការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវចំណេះជំនាញសម្រាប់ការវិនិយោគមួយនេះ។
តាមរយៈសិក្ខាដែលធ្វើឡើងកន្លងមកនេះ លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងណែនាំអំពីឧបករណ៍និស្សន្ទ ក៏ដូចជាបញ្ជាក់ពីភារកិច្ចរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងការសម្រួលដល់ការរីកលូតលាស់នៃទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការអភិវឌ្ឍនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញាតិ បញ្ហាប្រឈមដែលកំពុងកើតមានឡើង និងផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជំរុញវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ជាក្រុមហ៊ុនឈ្មួញជើងសាមួយគត់ ដែលចូលរួមក្នុងគោលដៅនៃសិក្ខាសាលាតាមបណ្ដាខេត្ត របស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំនេះ។ ដោយសារភាពស្វិតស្វាញ របស់ក្រុមហ៊ុនក្នុងការចូលរួមត្រួសត្រាយផ្លូវនៃទីផ្សារហិរញ្ញវត្ថុកម្ពុជាឱ្យស្របនឹងបទដ្ឋានអន្តរជាតិក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានឆ្លុះបញ្ចាំងពីភាពដែលមានវិជ្ជាជីវៈពិតប្រាកដ ហើយបានបង្កើតជាគំរូសម្រាប់ក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀត។
លោក Hosea Poon នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុជាសាធារណៈ គឺស្ថិតក្នុងតំបន់កំពូលនៃបញ្ជីការងារអាទិភាពរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
លោក Poon បន្ថែមថា «ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តរីកលូតលាស់ និងឆ្ពោះទៅរកសក្តានុពលពេញលេញ។ ក្រុមហ៊ុនឈ្មួញជើងសាជាច្រើនបានទទួលអាជ្ញាបណ្ណ ដូច្នេះការវិវឌ្ឍនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា នឹងកាន់តែឆាប់រហ័ស»។
ជាមួយភាពជោគជ័យពីសិក្ខាសាលានៅខេត្តព្រះសីហនុ, ខេត្តកំពង់ចាម និងខេត្តសៀមរាប ត្រូវបានគេរំពឹងថា អនាគតនៃវិស័យឧបករណ៍និស្សន្ទនៅកម្ពុជានឹងកាន់តែភ្លឺស្វាង។
សូមបញ្ជាក់ថា ឧបករណ៍និស្សន្ទ គឺសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ នៃឧបករណ៍ហិរញ្ញវត្ថុ ដើមដែលចេញពីមូលបត្រកម្មសិទ្ធ មូលបត្របំណុល សន្ទស្សន៍លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្មន័ធម្មជាតិ កសិផល រូបិយវត្ថុ រួមទំាងគម្រោងការពារថ្លៃដើមជាដើម ដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍នស្សន្ទទាំងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ៕