(ភ្នំពេញ)៖ លោក សុង តុងហាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ដែលត្រូវបានរៀបចំសហការដោយ ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ។
លោក សុង តុងហាប់ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានប្រព្រឹត្តទៅដោយរលូនពេញ២ថ្ងៃ តាមការគ្រោងទុក និងបានផ្តល់ឱកាសឱ្យសិក្ខាកាម បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ដែលផ្សារភ្ជាប់នូវទ្រឹស្តី និងគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការរៀបចំថវិកា នីតិវិធីអនុវត្តថវិកា នីតិវិធីរជ្ជទេយ្យបុរេប្រទាន កិច្ចបញ្ចិកាគណនេយ្យ និងការអនុវត្តជាក់ស្តែង សម្រាប់សិក្ខាកាមទាំងអស់ យកទៅអនុវត្តនៅក្នុងការដ្ឋានរៀងៗខ្លួន។
លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏ស្វាហាប់របស់ សិក្ខាកាម គ្រូឧទ្ទេស និងសហការីទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះ ទទួលបានជោគជ័យតាមការរំពឹងទុក។ លោកក៏បានកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ត្រងត្រាប់ ចោទសួរ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងសកម្មផុលផុស ដែលបានញ៉ាំងឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅយ៉ាងរលូន គ្រប់ជ្រុងជ្រោយ និងរស់រវើកផងដែរ។
លោក សុង តុងហាប់ បានថ្លៃងអំណរគុណ និងស្នើសុំដល់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងទេសចរណ៍ បន្តសហការ និងសិក្សាស្វែងយល់អំពីតម្រូវការ សម្រាប់ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ នៅរដ្ឋបាលកណ្តាល និងមន្ទីរទេសចរណ៍រាជធានីខេត្ត នៃក្រសួងទេសចរណ៍ ដើម្បីឱ្យមន្រ្តីរាជការ មានសមត្ថភាព និងការយល់ដឹងគ្រប់គ្រាន់ សម្រាប់រួមចំណែក សម្រេចជោគជ័យនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈផង និងដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិផង។
លោកអនុរដ្ឋលេខាធិការ ជឿជាក់ថា ចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំ ការអនុវត្តថវិកា ការអនុវត្តរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ចិកាគណនេយ្យ ទាំងទ្រឹស្ដី និងការអនុវត្ត ដែលគ្រូឧទ្ទេសរបស់អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទឧទ្ទេសនាម យ៉ាងក្បោះក្បាយក្នុងរយៈពេល២ថ្ងៃ ពេញនេះ ពិតជានឹងអាចរួមចំណែកដ៏មានតម្លៃ ដល់ការសម្រេចជោគជ័យ លើការអនុវត្តការងាររបស់មន្ត្រីរាជការ ពិសេសលើ ការអនុវត្តការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ក៏ដូចជា ការសម្រេចគោលដៅ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទាំងមូល ។
មន្ត្រីជាន់ខ្ពស់រូបនេះ ស្នើឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងអង្គភាពការងារជាក់ស្តែង របស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹក នៅតាមអង្គភាពរៀងៗខ្លួន។ ទន្ទឹមនឹងនេះ ប្រសិនបើមានបញ្ហាប្រឈម នៅក្នុងដំណើរការអនុវត្ត ការចំណាយថវិកា ដើម្បីចៀសវាងការរាំងស្ទះដល់ដំណើរការ ការអនុវត្តការងាររបស់អង្គភាពទាំងមូល សូមរួសរាន់រកដំណោះស្រាយ ជាបន្ទាន់តាមរយៈ ការសុំពិគ្រោះយោបល់ផ្ទាល់ ជាមួយថ្នាក់ដឹកនាំ ឬក្រុមការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍ ឬអង្គភាពពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការសមស្រប ។
ជាមួយនេះ លោកបានលើកទឹកចិត្តដល់ក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងទេសចរណ៍ សូមបន្តកិច្ចសហការជាមួយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គ បណ្តុះបណ្តាលថែមទៀត ជូនដល់មន្រ្តីរាជការនៅរដ្ឋបាលកណ្តាល និងមន្រ្តីមន្ទីរទេសចរណ៍រាជធានី ខេត្ត នៃក្រសួងទេសចរណ៍ផងដែរ៕