(ភ្នំពេញ)៖ កម្ពុជាត្រូវការឈាមជួយសង្គ្រោះមនុស្សប្រមាណ ២០០ប្លោក ក្នុងមួយថ្ងៃ ដើម្បីយកទៅជួយសង្គ្រោះមនុស្ស នៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស ហេតុដូច្នេះហើយ បានជាមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយមន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីមនុស្សធម៌ធំមួយក្រោមសារអំពាវនាវ «រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីទទួលការបច្ចាគឈាមពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលស្ម័គ្រចិត្ត។

កម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជាវិតមនុស្សខាងលើនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិក្ដីតាកុយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ។

ក្នុងពេលបើកកម្មវិធីមនុស្សធម៌ខាងលើ លោក អ៊ូរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយរកអ្នកបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងថា បញ្ហាឈាមមិនមែនជាបញ្ហារបស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋ ជាពិសេសមន្ត្រីក្រសួង-ស្ថាប័ន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

លោកបញ្ជាក់ថា «លើបញ្ហាឈាមបច្ចុប្បន្ន តម្រូវការឈាមគឺមានច្រើន ដោយក្នុងមួយថ្ងៃត្រូវការឈាម ២០០ប្លោក។ ទោះបីជាក្រុមចល័តរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្វើការប្រមូលឈាមយ៉ាងណា ក៏នៅតែមិនគ្រប់គ្រាន់»

លោកបន្ថែមថា បច្ចុប្បន្នទោះបីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រកឈាមមិនបានគ្រប់ ១០០% ក្នុងការជួយសង្គ្រោះក៏ដោយ ក៏គ្រួសារអ្នកជំងឺដែលត្រូវការឈាម បានចូលរួមផ្ដល់ឈាមយ៉ាងច្រើន ដូច្នេះហើយបញ្ហាចោទប្រកាន់ថា មានការលក់ដូរឈាមលែងមានទៀតហើយ។ លោកថា ក្នុងមួយឆ្នាំមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរៀបចំយុទ្ធនាការធំ២ គឺនៅថ្ងៃទី១៤ កុម្ភៈ និងថ្ងៃទី១៤ មិថុនា។

ក្នុងឱកាសនោះ លោក ផាន់ សុខា នាយកហិរញ្ញវត្ថុនៃមន្ទីរពេទ្យជោរៃភ្នំពេញ បានឱ្យដឹងថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម២ដង។ នេះជាលើកទី៥ ហើយដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទីមួយមានអ្នកចូលរួម ៦០នាក់ លើកទីពីរមាន ៧០នាក់ លើកទីបីមាន ៨០នាក់ និងលើកទីបួនមានជាង ១០០នាក់។ អ្នកចូលរួមបរិច្ចាកឈាមនេះ មានថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យជោរៃ សណ្ឋាគារសុខាភ្នំពេញ និងសូគីមិច។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោកអាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញគឺជួយឱ្យមានសុខភាពល្អ៕