(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងផែនការប្រមាណ២៦៦៨បណ្ណ ក្នុងក្របខណ្ឌក្រសួងផែនការទូទាំងប្រទេស ដោយមានការចូលរួមពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ជាថ្នាក់ដឹកនាំ លោក លោកស្រី ជាប្រធានមន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងផែនការ សរុបប្រមាណ៥០០នាក់ចូលរួមផងដែរ។
លោក អ៊ុក សមវិទ្យា បានគូសបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណាដូចមានចែងក្នុងព្រះរាជក្រឹត្យ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខមាលភាពសង្គម។
ទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងថា នេះជាការគិតគូរយកចិត្តទុកដាក់បំផុត របស់ប្រមុខរាជរដ្ឋាភិបាកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន មន្ត្រីរាជការយើងទាំងអស់ ដែលជានិយោជិតរបស់រដ្ឋ ហើយក៏ជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយ នូវទុក្ខលំបាករបស់បងប្អូន មន្ត្រីរាជការយើង ហើយអត្ថប្រយោជន៍ជាច្រើន នឹងត្រូវបានផ្តល់ជូនបងប្អូនមន្ត្រីរាជការយើងទូទៅ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)នេះ។
ទេសរដ្ឋមន្ត្រី ក៍បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការយើងទាំងអស់ សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ខិតខំប្រឹងប្រែងធ្វើការ គោរពច្បាប់រដ្ឋ ជាពិសេសចូលរួមថែរក្សាសន្តិភាពរបស់យើងដែលកំពុងតែមាននេះ អោយបានស្ថិតស្ថេរ ដើម្បីបន្តការអភិវឌ្ឍ រីកចម្រើន រុងរឿង ជានិច្ចនិរន្តន៍៕