(កំពត)៖ មន្រ្តីយោធាម្នាក់ឈ្មោះ អាំ ផល្លីន ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានបាញ់ជាច្រើនគ្រាប់ និងដុតបំផ្លាញចោលទីតាំងរម្មណីយ៍ដ្ឋាន «ទឹកជ្រោះ៩ជាន់» របស់ខ្លួនដែលស្ថិតនៅ ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសង្ស័យកើតមានជម្លោះជាប្រពន្ធ។
ក្រោយបង្កបទល្មើសមួយនេះ មន្រ្តីយោធាមានឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ៥) រូបនេះ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ នេះជាការឲ្យដឹងពីមន្រ្តីអាវុធហត្ថខេត្តកំពត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា លោក អាំ ផល្លីន បានដុតផ្ទះរម្មណីយ៍ដ្ឋាន «ទឹកជ្រោះ៩ជាន់» របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះសម្រាប់ភ្ញៀវស្នាក់នៅចំនួន៨ខ្នង, ផ្ទះវីឡា១, សាលប្រជុំ១, រោងបាយ១ ភោជនីយ៍ដ្ឋាន២, ខ្យូសចំនួន២៥ និងសម្ភារ១ចំនួនធំ ដែលនៅក្នុងរម្មណីយ៍ដ្ឋានខាងលើផ្ទាល់។
ជាមួយគ្នានេះ ក្រៅពីការដុតបំផ្លាញចោលរម្មនីយ៍ដ្ឋានរបស់ខ្លួនហើយនោះ លោក អាំ ផល្លីន ដែលបម្រើការងារ ធ្វើការនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក៏បានបាញ់ជាច្រើនគ្រាប់ផងដែរ មុនពេលរត់គេចខ្លួន។
ដោយឡែកករណីនេះ ភរិយារបស់លោក អំា ផល្លីន ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពតផងដែរ ដោយរៀបរាប់យ៉ាងលម្អិតចំពោះហេតុការណ៍នេះផងដែរ៕