(ភ្នំពេញ)៖ សាលាសិល្បៈហ៊្វូណន សហការជាមួយមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ ដោយមានការឧបត្ថម្ភធំពី ធនាគារ ព្រីនស៍ នឹងរៀបចំជាកម្មវិធីទិវាបេតិកភណ្ឌ លើកទី៤ ដើម្បីអបអរសាទរខួប១៥ឆ្នាំ របាំព្រះរាជទ្រព្យ, ខួបទី១៣ឆ្នាំ ល្ខោនស្រមោលស្បែកធំ និងខួប២ឆ្នាំ ចាប៉ីដងវែងចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ និងការទទួលស្គាល់ ល្ខោនខោល ដោយអង្គការ UNESCO។
នៅក្នុងកម្មវិធីនេះ ក៏នឹងមានការតាំងពិព័រណ៍ផលិតផលខ្មែរ និងមានការសំដែងសិល្បៈបុរាណចម្រុះដូចជា ការសំដែងល្ខោនខោល, សិល្បៈចម្លាក់ស្បែក, ការផលិតរបាំងមុខល្ខោនខោល, តន្ត្រីបុរាណ, ចាប៉ីដងវែង, ការបាញ់ធ្នូ, ការសំដែងសិល្បៈរបាំ, ការសាក់យ័ន្តខ្មែរ, ក្បាច់គុណបុរាណ, ល្បែងអុក, និងនំខ្មែរជាដើម ។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ (រមណីយដ្ឋានវត្តភ្នំ) ដោយស្វាគមន៍សាធារណជន ចូលរួមទស្សនាកម្សាន្តដោយសេរី ដើម្បីជាការលើកទឹកចិត្តដល់សិល្បៈករ ក៏ដូចជាចូលរួមគាំទ្រដល់ការសម្ដែងល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗ ដើម្បីថែរក្សា ផ្តល់តម្លៃ និងស្វែងយល់អំពីវប្បធម៌ខ្មែរដ៏ផូរផង។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ គឺមានគោលបំណង ដើម្បីលើកតម្កើងការផ្សព្វផ្សាយនូវកេរមតកវប្បធម៌ខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់សាធារណជន និងជំរុញឲ្យយុវជនខ្មែរ បានស្វែងយល់កាន់តែច្បាស់ អំពីទម្រង់សិល្បៈនីមួយៗ តាមរយៈ ការតាំងបង្ហាញ និងការសម្ដែងនាឱកាសនោះ ៕