(ភ្នំពេញ)៖ លោក ឳម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា «កម្មវិធីស្តីពីពិព័ណ៌ការងារ និងកិច្ចប្រជុំពិភាក្សា» នាពេលនេះ បានចូលរួមលើកកម្ពស់ឱកាសដល់និស្សិត ដែលត្រៀមនិងបញ្ចប់ការសិក្សា ក៏ដូចជានិស្សិត ដែលបានបញ្ចប់ការសិក្សារួច ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងភាពគ្មានការងារធ្វើនៅក្នុងសង្គម ជាពិសេសស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការ ជំរុញ និងការលើកកម្ពស់ការវិនិយោគទុនជាមួយបណ្តាក្រុមហ៊ុនវិនិយោគនានា ក្នុងការបង្កើនឳកាសទីផ្សារការងារទៅដល់ប្រជាជនកម្ពុជា។
លោក ឳម គឹមស៊ា បានបន្ថែមថា យោងតាមរបាយការណ៍របស់លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា មជ្ឈមណ្ឌលអតីតនិស្សិត និងអាជីព បានផ្សព្វផ្សាយអំពីការជ្រើសរើសបុគ្គលិកសរុបចំនួន ៨៧៦នាក់ ដែលគិតចាប់ពីចុងឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ននេះ ទៅដល់និស្សិត តាមរយៈ Facebook និងការទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗជាច្រើនទៀត។
ការលលើកឡើងរបស់លោក ឳម គឹមស៊ា បានធ្វើឡើងនៅក្នុង«កម្មវិធីស្តីពីពិព័ណ៌ការងារ និងកិច្ចប្រជុំពិភាក្សា» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឳម គឹមស៊ា បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយពង្រឹង និងពង្រីកចំណេះដឹងបន្ថែមលើជំនាញ និងសមត្ថភាពពិតទៅដល់និស្សិត ក្នុងការទទួលបានបទពិសោធន៍ថ្មីៗ ជាពិសេសបង្កើនការងារជាមួយក្រុមហ៊ុនផ្ទាល់ផងដែរ។
ជាមួយគ្នានោះ លោក ង៉ោ ប៊ុនថាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំលើកទី២ ដែលមានសមាគមន៍និស្សិត និងអាជីព នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំក្នុងឆ្នាំ២០១៨ ។
លោក ង៉ោ ប៊ុនថាន បានបន្ថែមថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីសម្របសម្រួល ដល់ការងារធុរកិច្ចរបស់ក្រុមហ៊ុន សហគ្រាសឯកជន អង្គការ គ្រឹះស្ថានសាធារណៈ ដែលត្រូវការធនធានមនុស្ស, សម្របសម្រួលអតីតនិស្សិត នៃសាកលវិទ្យាល័យដើម្បីទទួលបានការងារធ្វើ, បង្កើតទំនាក់ទំនងគ្នា ដែលមានប្រយោជន៍ទៅវិញទៅមក រវាងសាកលវិទ្យាល័យ ពិភពជំនាញ ជាពិសេសធនធាន មនុស្សយោងតាមតម្រូវការ និងជំនាញ លើកកម្ពស់ពង្រឹងសហគ្រិនភាពទៅដល់និស្សិត៕