(ភ្នំពេញ)៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន (JICA) បានរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បានបង្កើត វីដេអូស្ដីពី សារប្រយោជន៍នៃការបង់ពន្ធ ជូនដល់និស្សិតកម្ពុជា។ ជាក់ស្ដែង JICA និងអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធីនេះតាមបណ្ដាសាកលវិទ្យាល័យជាច្រើននៅកម្ពុជា ហើយគ្រោងនឹងបន្ដចុះផ្សព្វផ្សាយ តាមបណ្ដាខេត្តផងដែរ។

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ JICA និងអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធីចែករំលែកវីដេអូអប់រំនេះ ដល់សិស្សនិស្សិតនៅក្នុងសាកលវិទ្យាល័យធនធានមនុស្ស ដោយមាននិស្សិតជាច្រើនរូបបានចូលរួម។

វីដេអូស្ដីពីពន្ធដារនៅកម្ពុជានេះ ជាការរៀបចំដំបូងរវាង JICA និងអគ្គនាយកដ្ឋានពន្ធដារ ហើយការបង្កើតឡើងនេះ ដើម្បីណែនាំពីសារៈសំខាន់ និងអត្ថប្រយោជន៍របស់ពន្ធទៅកាន់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីក្មេងរហូតដល់មនុស្សចាស់។

លោក ម៊ុតូ ស៊ីហ្ស៊ុគី ប្រធានផ្ដល់ប្រឹក្សា និងមន្រ្ដីមកពីអគ្គនាយកដ្ឋានពន្ធដារ​ឲ្យដឹងថា «ខ្ញុំគិតថាការពង្រីកចំណេះដឹង ខាងវិស័យពន្ធដារនេះពិតជាមានសារសំខាន់ ប៉ុន្ដែយ៉ាងក៏មានការលំបាកក្នុងការធ្វើឲ្យ អ្នកជាប់ពន្ធមានការយល់ដឹង ពីវិស័យពន្ធដារក្នុងរយៈខ្លី»។

លោកបន្ដថា​ កម្មវិធីស្ដីពីវីដេអូអប់រំនេះគឺ ធ្វើយ៉ាងណាពង្រឹងវិស័យអប់រំលើផ្នែកពន្ធនេះ ឲ្យកាន់តែល្អប្រសើរ។ កម្មវិធីនេះនឹងរៀបចំក្នុង សាកលវិទ្យាល័យចំនួន២៧នៅកម្ពុជា ហើយនេះជាជំហ៊ានតំបូងសម្រាប់ប្រទេសកម្ពុជា ក្នុងការពង្រឹងការយល់ដឹងអំពីផ្នែកពន្ធដារនេះ។

លោកបញ្ជាក់ថា «បន្ទាប់ពីគម្រោងរបស់ JICA និងអគ្គនាយដ្ឋានពន្ធដារ នឹងបានចូលរួមចំណែកចែករំលែកចំណេះដឹង ដល់ប្រជាពលរដ្ឋយល់ដឹងពីការបង់ពន្ធកាន់តែច្រើនឡើងៗ»។

អគ្គនាយករងនៃសាកលវិទ្យាល័យធនធានមនុស្ស បានសំដែងការសប្បាយរីករាយជាខ្លាំង ដែល JICA និងអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមចែករំលែកចំណេះដឹង ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សនេះ។

លោកបន្ដថា បច្ចុប្បន្ននិស្សិតមិនទាន់បានយល់ច្បាស់នៅឡើយទេ ពីបញ្ហានៃការបង់ពន្ធនេះជារៀងល្អបំផុត ដែលដៃគូទាំង២បានចូលរួម បញ្ជ្រាប់ចំណេះដឹងដល់និស្សិតនៅសាកលវិទ្យាល័យនេះ។ បន្ទាប់ពីបានទស្សនាវីដេអូនេះរួច សង្ឃឹមថាសិស្សានុសិស្សនឹងកាន់តែយល់ច្បាស់ពីវិស័យពន្ធដារនេះ។

សូមជម្រាបថា តាមគម្រោង JICA និងអគ្គនាយកដ្ឋានពន្ធដារ និងចុះផ្សព្វផ្សាយវីដេអូននេះក្នុង សាកលវិទ្យាល័យចំនួន២៧នៅកម្ពុជា៕