(វៀងច័ន្ទ, ឡាវ)៖ កិច្ចប្រជុំលើកទី១៧ ត្រីភាគី/ ទ្វេភាគីនេះ ត្រូវបានបើកជាផ្លូវការក្រោមអធិបតី ឧត្តមសេនីយ៍បណ្ឌិត​ សុំវ៉ាង ថាំម៉ាសិទ្ធិ​ អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ និងជាស្នងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រឿងញៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី​ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនកម្ពុជា និងភាគីវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ឯក​ឡេ គុយវឿង អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះដែរ​ រៀបចំឡើងដើម្បីត្រួតពិនិត្យលើការអនុវតាមកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគី /ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៦ ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះដែរ យើងក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើផែនការគោលដៅរបស់អាស៊ាន ប្រឆាំងគ្រឿងញៀនខុសច្បាប់(ឆ្នាំ២០១៦-២០២៥) និងបង្ហាញពីច្ឆន្ទៈនយោបាយដ៏រឹងមាំ ក្នុងចំណោមប្រទេសយើងទាំងបីឆ្លើយតបទៅនឹងការងារប្រយុទ្ធប្រឆាំងការរីករាលដាល នៃការប្រើបំពានគ្រឿងញៀន និងសារធាតុគីមីផ្សំដោយឯកភាពគ្នា ក្នុងការធ្វើសហប្រតិបត្តិការក្របខ័ណ្ឌទ្វេភាគី និងពហុភាគីទាំងនៅក្នុងតំបន់ និងអង្គការអន្តរជាតិជាពិសេស កិច្ចសហប្រតិបត្តិការនៅតាមបណ្តោយព្រំដែន នៃប្រទេសយើងទាំងបីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មាន និងទប់ស្កាត់បង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែន។

កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ពីតម្រូវការ នៃកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ១៩៩៣ ដើម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់ទី១០ ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីដែលយើងជាប្រទេស សមាជិកហត្ថលេខីនៃកិច្ចប្រជុំស្តីពីកិច្ច សហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីខែឧសភា ឆ្នាំ២០១៧ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាគ្រឿងញៀននិងសុខភាព កិច្ចសហប្រតិបត្តិការវិធានការច្បាប់តាមវិស័យតុលាការ និងការអភិ វឌ្ឍន៍ប្រកបដោយចិរភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគី/ទ្វេភាគីកម្ពុជា ឡាវ វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនលើកទី១៨ នឹងរៀបចំនៅប្រទេសវៀតណាមនាឆ្នាំ២០១៩៕