(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត ក្រោមអធិបតីលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោក ឡាំ ជា បានលើកឡើងថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងកិច្ចការភូមិ-ឃុំមានសុវត្ថិភាព បំផុសឲ្យប្រជាពលរដ្ឋចូលរួមបញ្ហាគ្រឿងញៀន បង្ក្រាបគ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសព្រៃឈើឲ្យម៉ឺងម៉ាត់បំផុត។
លោករដ្ឋលេខាធិការរូបនេះ បានបន្តទៀតថា រដ្ឋបាលគ្រប់ថ្នាក់ត្រូវកែលម្អសាវាសាធារណៈ ដើម្បីឲ្យងាយស្រួលដល់ពលរដ្ឋហាមមិនឲ្យទទួលយកសេវា ក្រៅផ្លូវការ ពង្រឹងឲ្យមានប្រសិទ្ធភាពឲ្យខ្លាំងក្លាជាងមុន និងបន្តដោះស្រាយរាល់សេវា ដែលមានភាពស្មុកស្មាញឲ្យមានភាពងាយស្រួលឡើងវិញ។
លោកក៏បានបញ្ជាក់ថា ការផ្លាស់ប្តូរមុខ និងផ្តល់តំណែងក្នុងការដឹកនាំស្របតាមគោលនយោបាយជាតិ សម្រាប់មន្ត្រីរាជការ ទន្ទឹមនឹងនេះការបំពេញបន្ថែម នៃមន្ត្រីរាជការស្របការចាំបាច់ដើម្បីឲ្យបំពេញតួនាទីបម្រើប្រជាពលរដ្ឋ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យសកម្មថែមទៀត តាមយុទ្ធសាស្ត្រចតុកោណរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានគូសបញ្ជាក់ថា ការប្រកាសតែងតាំអភិបាលរងខេត្តនាពេលនេះ ស្របពេលសភាពការរបស់សង្គមជាតិ កំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ ដែលទាំងនេះកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រឹងប្រែងរក្សាបាននូវសន្តិភាពពេញលេញ រឹងមាំ ធ្វើឲ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើយ៉ាងឆាប់រហ័ស។
លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ ដែលទើបតែងតាំងបានឡើងប្ដេជ្ញាចិត្តខ្ពស់ ក្នុងចក្ខុវិស័យលើការងារដឹកនាំរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្តបានចូលកាន់តំណែងជាអភិបាលរងនេះផងដែរ៕