(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានជួបផលលំបាកជាយូរខែឆ្នាំមកហើយ ដោយសារតែផ្លូវលំមួយខ្សែប្រវែងត្រឹម១២០ម៉ែត្រ ត្រូវបានគេរំលោភបំពានយកទាំងស្រុង មិនអាចឲ្យពួកគាត់ធ្វើដំណើរចូលទៅកាន់ផ្ទះ ដោយងាយស្រួលនោះឡើយ ហើយអ្វីដែលរឹតលំបាកជាងនេះទៅទៀត ពេលរដូវទឹកឡើង ពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ដ៏ជ្រៅដើម្បីចេញចូល។
ករណីផ្លូវលំមួយខ្សែនេះ ត្រូវបានស្ដ្រីម្នាក់ឈ្មោះ ប៉ូ ហឿង ធ្វើរបងរំលោភលើចំណីផ្លូវលំតាំងពីយូរមកហើយនោះ ពុំមានដំណោះស្រាយណាមួយ លេចចេញជារូបរាង ពីអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកនោះទេ ដូច្នេះប្រជាពលរដ្ឋទាំងអស់ មានតែទទូចសុំដល់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ចាត់មន្ដ្រីចុះទៅដោះស្រាយ ជូនពួកគាត់ផង ទើបអាចមានផ្លូវធ្វើដំណើរតាមម៉ូតូ និងគោយន្ដជាដើម ទៅកាន់លំនៅដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋទាំងនេះ សម្ដែងការអស់សង្ឃឹម ចំពោះអាជ្ញាធរមូលដ្ឋានជាពិសេសថ្នាក់ឃុំ និងថ្នាក់ស្រុក មិនបានរកដំណោះស្រាយជូនពួកគាត់ ត្រឹមផ្លូវប្រវែង១២០ម៉ែត្រ និងទទឹង៤ម៉ែត្រ ទុកឲ្យគេរំលោភបំពានយកទៅធ្វើជាកម្មសិទ្ធិរហូតមកដល់បច្ចុប្បន្ន តើឲ្យពួកគាត់រំពឹងយ៉ាងដូចម្ដេច ត្រឹមបញ្ហាតិចតួចប៉ុណ្ណោះដោះស្រាយមិនបាននោះ?។
ប្រជាពលរដ្ឋដែលបានសរសេរលិខិតតាំងពីដើមឆ្នាំ២០១៨ ដាក់ជូនអភិបាលស្រុកមង្គលបុរី ប៉ុន្ដែរហូតមកដល់ពេលនេះ គ្មានចំណាត់ការចេញជារូបរាងនោះឡើយ ហើយពួកគាត់មានតែសុំកិច្ចអន្ដរាគមន៍ ពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប៉ុណ្ណោះ ដើម្បីយកផ្លូវលំមួយខ្សែនេះ ដែលធ្លាប់ប្រើប្រាស់តាំងពីដូនតាមកនោះ អាចធ្វើដំណើរចេញចូលបាន៕