(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា បច្ចុប្បន្ននេះ ជនមានពិការភាព ទទួលបានការយកចិត្តដាក់កាន់តែខ្លាំងទាំងវិស័យសង្គមកិច្ច, អប់រំ និងសុខាភិបាល និងវិស័យសំខាន់ៗជាច្រើនទៀត។ នេះគឺជាការវិវត្តន៍ថ្មីមួយ ដែលមិនគួរឲ្យជឿ ដែលជនមានពិការភាព ជាបុគ្គលត្រូវបានរើសអើង នៅក្នុងសង្គមរស់នៅ និងសង្គមការងារ បែបជា ទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ស្ទើគ្រប់វិស័យ។ លោក ឯម ច័ន្ទមករា បានបង្ហាញការភ្ញាក់ផ្អើលមួយនេះ ហើយលោកក៏បានសម្តែងការសប្បាយចិត្តចំពោះជនមានពិការភាព ដែលត្រូវបានសាធារណជន កាត់បន្ថយការរើសអើងជាបន្តបន្ទាប់ និងពីមួយឆ្នាំទៅមួយឆ្នាំ។
ការលើកឡើងរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិ ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលបានប្រារព្ធរៀបចំយ៉ាងឱឡារិក នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអញ្ជើញចូលរួមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្រ្តីក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងជនមានពិការភាពយ៉ាងច្រើនកុះករផងដែរ។
មន្រ្តីដែលបម្រើការងារលើវិស័យជនមានពិការភាពជាច្រើនរូបនេះ បានឲ្យដឹងថា ប្រធានបទ «លើកកម្ពស់សិទ្ធិ ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»នាឆ្នាំនេះ ធ្វើឡើងគឺចង់ឲ្យមានការផ្តល់អំណាចដល់បងប្អូនមានពិការភាព កន្លងមកបងប្អូនមានពិការភាព ចាប់ផ្តើមមានឳកាស ប៉ុន្តែមិនទាន់មានអំណាចពេញលេញ ទើបឆ្នាំនេះ ប្រធានបទនេះ ធ្វើឡើងដើម្បីជាការលើកកម្ពស់បន្ថែមទៀត ដើម្បីឲ្យកាន់តែមានអំណាចខ្លាំងថែមទៀត កតែមិនមែនជាអំណាចក្នុងការដឹកនាំស្ថាប័ននោះទេ តែជាអំណាចនៅក្នុងឆន្ទានុសិទ្ធិមួយ ដែលពួកគាត់មានពិការភាព។
លោក ឯម ច័ន្ទមករាថា សព្វថ្ងៃនេះ ពិការភាពរបស់យើងនេះ កាន់តែមានការរីកចម្រើនទៅទី១ថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បងប្អូនដែលមានពិការភាពកាន់តែក្លាយទៅជាជនគំរូដ៏ល្អសម្រាប់មនុស្សដែលគ្មានពិការភាពទូទៅ។
ជាមួយគ្នានោះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឋានៈស្មើរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច កាលពីពេលថ្មីៗនេះ បានបង្ហាញពីសមិទ្ធិផលមួយចំនួន ដែលជនមានពិការភាពទទួលបាន និងសកម្មភាពមួយចំនួន ដែលជាការលើកកម្ពស់ដល់ជនមានពិការភាព មានដូចជា ការប្រើពាក្យថ្មីដែលទើបនឹងមានការប្រើប្រាស់នាពេលថ្មីៗនេះ គឺ«ជនមានពិការភាព មិនមែនពិការ» សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមប្រើប្រាស់ពាក្យនេះផងដែរ នៅក្នុងសារលិខិត និងសាចរាចរណ៍ណែនាំមួយចំនួនទៀត។ នេះគឺជាកាលានុវត្តភាព ក្នុងការលើកកម្ពស់ជនមានពិការភាពថែមមួយកម្រិតទៀត ហើយក៏ចាប់ផ្តើមកាត់បន្ថយការរើសអើងកាន់តែល្អប្រសើរជាងមុន។
លោកបានបន្តថា ជនមានពិការភាព មិនមែនគ្មានសមត្ថភាពនោះទេ ពួកគាត់អាចចូលបម្រើការងារ នៅតាមក្រសួងស្ថាប័នរដ្ឋ ជាច្រើននាក់ ហើយជនមានពិការភាពទាំងនោះ ក៏ចាប់ផ្តើមមានតួនាទី ចាប់ផ្តើមមានវត្តមានក្នុងវិស័យការងារជាច្រើន ដែលនឹកស្មានមិនដល់។
យើងក្រឡេកមកមើលវិស័យអប់រំ របស់ជនមានពិការភាព ឃើញថា ឆ្នាំសិក្សា២០១៧-២០១៨ ជនមានពិការភាពជាង៦ម៉ឺននាក់ កំពុងសិក្សាថ្នាក់ឧត្តមសិក្សា ដល់កម្រិតឧត្តមសិក្សា ជាដើម គឺមានច្រើនជាបន្តបន្តាប់។
លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ទៀតថា ការដូថ្មីមួយរបស់ជនមានពិការភាពពីសំណាក់ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និង លោក វង សូត រដ្ឋមន្រ្តីក្រសួងាង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការគ្នា ដោយចេញជាសេចក្តីប្រកាសអន្តរក្រសួងមួយស្តីពីការដាក់ឲ្យអនុវត្តន៍នូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដើម្បីឲ្យបងប្អូនជនមានពិការភាពកាន់តែងាយស្រួល។
ចំណែកឯ វិស័យសុខាភីបាលវិញ បងប្អូនមានពិការភាព បានទៅចូលរួមស្តារកាយសម្បទា ផ្តល់ជនសំភារៈសិប្បនិមិត្ត ហើយបងប្អូននៅតាមសហគមន៍ មានជីវភាពទីទ័លក្រ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល និងនៅមានការផ្តល់ជូនជាច្រើនទៀត៕