(ក្រចេះ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំបើកវគ្គសិក្ខាសិលាស្តីពី ផែនការប្រើប្រាស់ដី នៅក្នុងឃុំ-សង្កាត់ ឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ដែលស្របតាមគោលការណ៍ច្បាប់កន្លងមក ដោយបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លី ផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធ គ្រប់គ្រងការលុបបំបាត់ភាពអនាធិបតេយ្យក្នុងការកាន់កាប់ដី។
ក្នុងសិក្ខាសាលានេះដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ដោយមានការសហការ គាំទ្រពីអង្គការ WWF និងវត្តមានចូលរួមពី អង្គការដៃគូរអភិឌ្ឍទូទាំងខេត្ត លោក លោកស្រីមន្ទីរ អង្គភាព ក្រុង-ស្រុក មេឃុំ-មេភូមិជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។
លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះបានឲ្យដឹងថា មន្ទីរបានធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ័ក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី សំដៅកាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាពក្នុងការកាន់កាប់ដី បន្តដោះស្រាយវិវាទដីធ្លីក្រៅប្រពន្ធ័តុលាការ ដោយសហការជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាពិសេសដោយមានការ គាំទ្រពីអង្គការ WWF តាមរយៈគម្រោង «ការគាំទ្រជីវភាពរស់នៅ និងការអភិរក្សក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ» ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលប្រទេស ប៊ែល ហ្សិក បាននឹងកំពុងសកម្មភាពគម្រោងសំខាន់ៗរួមមាន៖ ១.ការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួន២ គឺឃុំអូរគ្រៀង ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ, ២.ការបង្កើតសហគមន៍ព្រៃឈើចំនួន៨កន្លែង និងលើកកម្ពស់សហគមន៍នៅក្នុងខេត្ត, ៣,គាំទ្រលើការបង្កើតជម្រើសមុខរបរផ្សេងៗ ដល់សហគមន៍ នៅក្នុងតំបន់គោលដៅគម្រោង, ៤.គាំទ្រលើការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច និង៥.ការគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់។
ក្នុងពិធីបើកវគ្គនាឱកាសនោះដែរ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានឲ្យដឹងថា «សិក្ខាសាលានេះ គឺជាឱកាសសម្រាប់ឲ្យយើងទាំងអស់ទទួលបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ គឺត្រូវបានគ្រប់គ្រងថែរក្សាការពារសមស្របតាមបែបបទបរិស្ថាន និងប្រកបដោយចីរភាព ដើម្បីជួយដល់ការកាត់បន្ថយទំនាស់ និងភាពក្រីក្រនៅកម្ពុជា»។
លោកបន្តទៀតថា ការរៀបចំផែនការប្រើប្រាស់ដីធ្លីនេះ គឺផ្អែកលើគោលការណ៍នៃភាពជាម្ចាស់របស់មូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យដំណើរការ ធ្វើផែនការដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដីខេត្ត រួមទាំងក្រុមការងារអន្តរក្រសួងស្តីពីការចូលរួមធ្វើផែនការប្រើប្រាស់ដីធ្លីដូចដែលបានចែងក្នុងគោលការណែនាំ។
នាពេលបច្ចុប្បនេះ មន្ទីររៀបចំដែនដីខេត្តក្រចេះ បាននឹងកំពុងរៀបចំដំណើរការនៃការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួនពីររួមមាន៖ ឃុំជ្រោយបន្ទាយ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងឃុំអូរគ្រៀង ក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្រោមជំនួយថវិការបស់រដ្ឋាភិបាល ប៊ែល ហ្សិក តាមរយៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អង្គការ WWF-កម្ពុជាផងដែរ៕