(ប៉ៃលិន)៖ បន្ទាប់ពីការងារស្នូលរបស់អង្គភាព នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ជួប វុទ្ធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចំនួន៣៥នាក់ ធ្វើការសម្អាតអនាម័យបរិស្ថាន នៅតំបន់រមណីយដ្ឋានសួន អាពាហ៍ពិពាហ៍ «ភ្នំយ៉ាត» ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងអនាម័យសាធារណៈ។
លោកវរសេនីយ៍ទោ ជួប វុទ្ធី បានលើកឡើងថា បរិស្ថាន និងអនាម័យសាធារណៈ គឺជាកិច្ចការដ៏សំខាន់១ ដែលជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដែលកងកម្លាំង ប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ និងចូលរួមទាំងអស់គ្នាបន្ទាប់ពីការងារស្នូល របស់កងកម្លាំ ក្នុងការការពារបូរណៈភាពទឹកដី និងសន្ដិសុខសុវត្ថិភាពមូលដ្ឋានជូនជាតិ និងប្រជាជន ហើយចំពោះការងារសម្អាតបរិស្ថាន អនាម័យសាធារណៈនេះ ក៏ដើម្បីរួមចំណែកក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ផងដែរ។
លោកមេបញ្ជាការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជីវករលក់ដូរ និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត ទាំងអស់ត្រូវមានឆន្ទៈចូលរួមលើកកំពស់ ការការពារ និងថែរក្សាបរិស្ថាន តាមរយៈការទុកដាក់សម្រាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ ប្រកបដោយចីរភាព ព្រមទាំងប្រែក្លាយតំបន់រមណីយដ្ឋានសួនអាពាហ៍ពិពាហ៍ភ្នំ «យ៉ាត» ទៅជាតំបន់ទាក់ទាញ និងស្រស់ស្អាត សម្រាប់វិស័យទេសចរណ៍។
សូមបញ្ជាក់ថា ខេត្តប៉ៃលិន មានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែង ហើយរមណីយដ្ឋានសួនអាពាហ៌ពិពាហ៌ «ភ្នំយ៉ាត» គឺបានទាក់ទាញភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋមកកំសាន្តស្រូបយកខ្យល់អាកាស និងមើលថ្ងៃរៀបលិច នៅពេលរសៀល៕