(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់ នៅផ្សារទានភ្លើង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋម រកសារធាតុគីមីហាមឃាត់ ទៅលើ នំបញ្ចុក, ប្រហិតសាច់គោ, ប្រហិតត្រី, ទឹកខ្មេះជូផ្តែម, គល់ស្លឹកគ្រៃហាន់, ស្ពៃជ្រក់ សរុបបាន៧គំរូ ដែលលទ្ធផល មន្ត្រីជំនាញរកពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។
ក្រៅពីការវិភាគ មន្ត្រីជំនាញក៏បានរកឃើញទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ ដោយបានធ្វើកំណត់ ដកហូតទំនិញចំនួន៩មុខ សរុប៦៧.៨គីឡូក្រាម ទុកដុតកម្ទេចចោលដូចជា៖ ស្ករគ្រាប់, ទឹកក្រូច, សណ្តែកខៀវកំប៉ុង, តៅហ៊ូ, ប៊ឺ , ត្រីខកំប៉ុង , ម៉សៅបំពងស្រួយ , នំស្រួយ និងចាហ៊ួយដូង (ថាញ់ប៊ិញ)។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។
មន្រ្តីកាំកុងត្រូល ក៏បានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕