(ភ្នំពេញ)៖ សនិ្នសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់គុនខ្មែរ សកលថ្នាក់ជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នៅតំបន់អភិវឌ្ឍន៍ Skyland 7NG វិហ៊ារសួគ៌ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកខ្យាច់កណ្ឌាល ខេត្តកណ្ដាល ដែលប្រព្រឹត្តទៅចាប់ពីថ្ងែទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ហើយកីឡាករ ត្រៀមចូលរួមប្រកួតមានជាច្រើនរូប មកពីទាំង២៥រាជធានី-ខេត្ត។
សន្និសីទសារព័ត៌មាន ធ្វើឡើងក្រោមអធិបតីភាពលោក តែម ម៉ឺន ប្រធានសហភាពសហព័ន្ធកីឡាប្រដាល់ក្បាច់គុណខ្មែរកម្ពុជាស្ម័គ្រចិត្ត និងលោកឧកញ្ញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន (Sky Land 7NG វិហារសួគ៌) និងជាអនុប្រធានសហភាពសហព័ន្ធក្បាច់ប្រដាល់គុនខ្មែរ កម្ពុជាស្ម័គ្រចិត្ត រួមទាំងលោកគ្រូបង្វឹកជាច្រើនរូបទៀត។
លោកឧកញ៉ា ស្រី ចាន់ថន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្កើតកម្មវិធីប្រកួតនេះ គឺជាលើកទី២ ហើយសម្រាប់ទឹកដីក្រុមហ៊ុន Skyland 7NG របស់លោក ដែលជាការចូលរួមលើកស្ទួយនូវវិស័យកីឡាប្រដាល់របស់កម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់កីឡាករជាតិយើងផងដែរ។
បើតាមលោកឧកញ៉ា ស្រី ចាន់ថន ការប្រកួតជ្រើសរើសយកជើងឯកនេះ គឺដើម្បីត្រៀមចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០១៨ នៅពេលខាងមុខនេះ ហើយក្នុងនោះលោកក៏បានចូលរួមឧបត្ថម្ភ ថវិកាជាង៤០,០០០ម៉ឺនដុល្លារ សម្រាប់កម្មវិធីនេះទាំងអស់ រួមទាំងកីឡាករផង ដើម្បីរ៉ាប់រងការស្នាក់នៅ ហើយបន្ថែមលើនេះទៅទៀត បន្ទាប់ពីកម្មវិធីប្រដាល់ ក៏មានការប្រគំតន្ដ្រី និងឆាកកំប្លែង រួមទាំងមានកន្លែងដើរកំសាន្តជាច្រើន។
ជាចុងក្រោយលោកឧកញ្ញ៉ា ស្រី ចាន់ថន ក៏មានការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការចូលរួមទស្សនា កំសាន្តដោយមិនគិតថ្លៃ នូវព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ថ្នាក់ជាតិជម្រើសជើងឯក ដែលប្រព្រឹកទៅថ្ងែទី១២ ខែធ្នូ រហូតដល់ថ្ងែទី១៦ ខែឆ្នូ ឆ្នាំ២០១៨ ដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា៕