(ភ្នំពេញ)៖ ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន នៅផ្សារដេប៉ូ ជាន់ទី១ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ដោយមិនទាន់ដឹងថា ស្ត្រីរងគ្រោះខាងលើមានវិបត្តិអ្វីឡើយ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងផ្សារដេប៉ូ ជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ស្វាយ សុផល អាយុ៦៣ឆ្នាំ មុខរបរជាអាជីវករនៅផ្សារដេប៉ូ ស្នាក់នៅផ្ទះលេខ១៥៦ E1 ផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើតែងតែមកបើកតូបលក់ដូររបស់ខ្លួនជារៀងរាល់ព្រឹកដូចធម្មតា ក្រោយមកនៅវេលាម៉ោងកើតហេតុ ស្រាប់តែកូនស្រីរបស់គាត់បានឡើងមករក តែរកមិនឃើញនោះទេ រួចបានសួរនាំអ្នកនៅជិតនោះ។ ក្រោយមកកូនស្រីរបស់គាត់បានសួរនាំអ្នកលក់ដូររួចមក ក៏បានដើរចូលទៅក្នុងតូបលក់ដូរនោះម្តងទៀត ក៏ស្រាប់តែឃើញស្ត្រីរងគ្រោះខាងលើ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយយកក្រមាចងជាមួយចម្រឹងដេក។
អាជីវករលក់ដូរនៅជិតកន្លែងកើតហេតុ បានប្រាប់ថា កាលពីម្សិលមិញ ស្ត្រីរងគ្រោះខាងលើបានរអ៊ូរទាំថា រូបគាត់ពិបាកចិត្តណាស់ដោយសារតែ មានវិបត្តិក្នុងគ្រួសារ។ លុះដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើ បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយមកសន្តិសុខនៅផ្សារដេប៉ូ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័្ឆយ ទៅលើស្ត្រីរងគ្រោះខាងលើ។ ក្រោយពីធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន។ ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕