(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី0៦ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ រួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅសាលាខេត្តកំពង់ចាម ស្តីអំពីកិច្ចពិភាក្សា ដើម្បីរៀបចំសៀវមគ្គុទេសក៍ នៃការវិនិយោគខេត្តកំពង់ចាម ក្នុងគោលបំណង ប្រមូលសក្តានុពលសំខាន់ៗ ក្នុងខេត្ត ដើម្បីបង្ហាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ផងដែរ។

លោកអភិបាលខេត្តបានថ្លែងថា «ការជួបជុំគ្នានាថ្ងៃនេះ គឺដើម្បីប្រមូលទិន្នន័យដែលមានការពាក់ព័ន្ធជាសក្តានុពលរបស់ខេត្តកំពង់ចាម ដើម្បីរៀបចំទៅជាមគ្គុទេសក៍វិនិយោគ នៃខេត្តកំពង់ចាម។ នៅខេត្តសៀមរាប សក្តានុពលនៅចំកណ្តាលក្រុង ដោយឡែកខេត្តកំពង់ចាម ក្នុងក្រុងគ្រាន់តែបង្ហាញអំពីការប្រមូលផ្តុំប៉ុណ្ណោះ ចំណែកសក្តានុពល គឺនៅឯមូលដ្ឋាន ព្រោះខេត្តកំពង់ចាមយើង សក្តានុពលគឺកសិកម្ម ដូច្នេះការបង្ហាញវិស័យកសិកម្ម គឺដើម្បីទាក់ទាញ អ្នកវិនិយោគតាមរយៈការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគនេះឡើង»

លោកបានបន្តទៀតថា សក្តានុពលទាំងអស់ និងត្រូវបង្ហាញចាប់ពីក្រុងកំពង់ចាម និងឈានទៅប្រមូលទិន្នន័យ សក្តានុពលសំខាន់ៗ ទូទាំងខេត្តកំពង់ចាមតែម្តង ដើម្បីបង្ហាញទៅអ្នកវិនិយោគនានា ក៏ដូចជាការរួមចំណែក ដើម្បីលើកកម្ពស់ពួកអ្នកវិនិយោគក្នុងស្រុកផងដែរ។

លោកអភិបាល បានបញ្ជាក់ថា «ពិតណាស់បច្ចុប្បន្ន មានអ្នកវិនិយោគវិស័យឯកជន ក៏បានបង្ហាញអំពីសក្តានុពលក្នុងខេត្តកំពង់ចាម ប៉ុន្តែគ្រាន់តែបានជាផ្នែកៗ ពោល គឺមិនបានបង្ហាញឲ្យមានទំនាក់ទំនង គ្នាជាប្រព័ន្ធ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ពិបាកសម្រេចចិត្តមកលេងខេត្តរបស់យើង។ ដោយឡែកអ្នកវិនិយោគក៏ដូចគ្នា ពួកគេក៏ត្រូវការយល់ដឹងទំនាក់ទំនងគ្នាជាប្រព័ន្ធនោះដែរ ទើបអាចធ្វើឲ្យគេមានការចាប់អារម្មណ៍»

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រី មន្ទីរពាក់ព័ន្ធទាំងអស់ រួមគ្នា ប្រមូលផ្តុំទិន្នន័យនៃសក្តានុពលទាំងអស់នៅក្នុងខេត្តកំពង់ចាម ជាឯកសារគោលមួយ រៀបចំឲ្យក្លាយទៅជាសៀវភៅមគ្គុទេសក៍វិនិយោគមួយក្បាល មានព័ត៌មានជាក់លាក់ ដែលអាចផ្តល់ជាបទបង្ហាញដល់អ្នកទេសចរណ៍ ក៏ដូចជា អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីឲ្យពួកគាត់មានចំណាប់អារម្មណ៍ ក្នុងការចូលមកវិនិយោគ ឬ មកទេសចរណ៍នៅក្នុងខេត្តកំពង់ចាមបានច្រើន។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា គឺដើម្បីរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគនៃខេត្តកំពង់ចាម រយៈ៣ម៉ោង គឺ ខាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រមូលទិន្នន័យបានមួយចំនួន ដើម្បីយកទៅរៀបចំសៀវភៅនោះ ហើយសៀវភៅមគ្គុទេសក៍វិនិយោគនៃខេត្តកំពង់ចាមមួយក្បាលនេះ និងអាចរៀបចំហើយនៅក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខនេះ៕