(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអប់រំ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់លោកគ្រូ-អ្នកគ្រូ នៅសាបឋមសិក្សាជាំក្សាន្ត ក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ការចុះផ្សព្វផ្សាយអប់រំ ដល់លោកគ្រូ-អ្នកគ្រូ ដែលជាគ្រូកម្រង នៅសាលាបឋមសិក្សាជាំក្សាន្ត នៅពេលនេះ គឺចង់ឱ្យពួកគាត់យល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណីអាហារដើម្បីឱ្យពួកគាត់យក ទៅផ្សព្វផ្សាយបន្តដល់សិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមរបស់គាត់ឱ្យមានការយល់ដឹងបន្តទៀតផងដែរ។
លោកបានបន្តថា «បើសិនជាពួកគាត់ជាគ្រូ បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារបានច្បាស់លាស់នោះហាក់បីដូចជា បានចូលរួមក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋបានមួយផ្នែកធំដែរ។ ប៉ុន្តែបើយើងមិនបានយល់ច្បាស់ ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគមិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាព និងមានជំងឺផ្សេងៗនាំឱ្យក្រុមគ្រួសារខាតបង់ថវិកាក្នុងការព្យាបាលជំងឺមិនខាន ហើយក្រៅពីនោះធ្វើឱ្យខាតបង់ពេលវេលា ក្នុងការប្រកបរបរផ្សេងៗមិនខាន»។
ជាមួយគ្នានេះដែរ លោក ដួង មុន្នី ក៏បានធ្វើការផ្តាំផ្ញើរដល់គ្រូបង្គោលទាំងអស់ដែលបានមករៀននៅពេលនេះ ពេលត្រឡប់ទៅវិញ ត្រូវធ្វើការផ្សព្វផ្សាយបន្តឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង ពិសេសមុននិងទិញគ្រឿងឧបភោគ បរិភោគដែលគេវេចខ្ចប់ជាកំប៉ុងក្តី ជាដបក្តី ឬជាថង់ក្តីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ភភ្ជាប់នៅតាមកំប៉ុងដបថង់ទាំងនោះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការប៉ះពាល់សុខភាព៕