(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត នាំយកនូវបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន២១៦ក្បាលដី ដើម្បីទៅចែកជូនប្រជាពលរដ្ឋ បានប្រើប្រាស់តាមតម្រូវការស្របច្បាប់ បន្ទាប់ពីមន្ត្រីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌឫស្សីកែវដឹកនាំដោយលោក ប៊ុន ឡុង ប្រធានការិយាល័យ បានបញ្ចប់ការចំណាយពេលវេលា ក្នុងការវាស់វែងសម្រង់ឈ្មោះទិន្ន័យតាមក្បាលដី រហូតមានការបិទផ្សាយជាសាធារណៈ ជូនដំណឹងទៅប្រជាពលរដ្ឋ ឲ្យមកពិនិត្យផ្ទៀងផ្ទាត់រួចរាល់ជាស្ថាពរ ស្ដីពីការធ្វើប្រទានកម្មដីធ្លី ដែលជាសម្បត្តិ នៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ សម្រាប់បែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង តាមប្រកាសដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការចែកបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន២១៦ក្បាលដី ពីសំណាក់អភិបាលខណ្ឌឬស្សីកែវខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណបុរី ណៃ សុវណ្ណ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងពិធីនេះលោក ជា ពិសី បានថ្លែងថា មុនបងប្អូនប្រជាពលរដ្ឋ ទទួលបានបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុមកប្រើប្រាស់, មន្ត្រីក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដឹកនាំដោយលោក ប៊ុន ឡុង បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការចុះវាស់វែងកំណត់ព្រំដី និងសម្រង់ទិន្នន័យឲ្យបានច្បាស់លាស់ជាផ្លូវការសិន រហូតឈានដល់ការជូនដំណឹង បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ផែនទីក្បាលដី គំនូសបង្ហាញទីតាំងក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី នៃប្លង់សុរិយោដី ខ្លាចក្រែងមានការខុសទំហំ ឬខុសឈ្មោះដោយអចេតនាណាមួយ។
លោកបានបន្តថា បើមានបញ្ហាណាមួយកើតឡើង ក្នុងការកែតម្រូវសម្រួលឡើងវិញរយៈពេល១៥ថ្ងៃក្រោយ ដើម្បីបានពិនិត្យផ្ទៀងផ្ទាត់តវ៉ារួចរាល់ជាស្ថាពរ ដោយអាស្រ័យមានការចូលរួមផ្ដល់ទាំងព័ត៌មាន និងឯកសារ ក៏មានផ្ដល់សហការល្អពីអាជ្ញាធរមូលដ្ឋានផងដែរ ដែលបានបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ចចុះបញ្ជីដីធ្លីទទួលបានលទ្ធផលល្អប្រសើរ នៅក្រោយពីរដ្ឋបាលខណ្ឌឬស្សីកែវ បានប្រកាសចុះវាស់វែងដីធ្លី តាមគោលការឯកភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីពីការធ្វើប្រទានកម្មទីតាំងដី ដែលជាសម្បត្តិនៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដើម្បីបែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង តបតាមប្រសាសនដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕