(វៀងច័ន្ទ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនប្រមុខពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសឡាវ អំពីគោលនយោបាយបើកចំហរ និងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបត់បែន និងអំណោយផលខ្ពស់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចជួយអ្នកវិនិយោគិនបង្កើតប្រាក់ចំណេញក្នុងរយៈពេលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលរៀបចំឡើងនៅក្នុងរាជធានីវៀងចន្ទ កាលពីថ្ងៃរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការធ្វើធុរកិច្ចនាពេលអនាគត។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើភាគីឡាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងបានជំរុញវិស័យឯកជនប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍ អតិបរមា ពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នៅមានកម្រិតនៅឡើយ គឺបានកើនឡើងតិចតួច ពីទឹកប្រាក់ ២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥លានដុល្លារ នៅឆ្នាំ២០១៧។
ជាការឆ្លើយតប លោកស្រី ខែមម៉ានី ភូលសេនា (Khemmani Pholsena) រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ បានសម្តែងការគាំទ្រ និងឯកភាពជាមួយសំណើរបស់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងបានស្នើសុំភាគីកម្ពុជា ជាពិសេសវិស័យឯកជន បន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងប្រទេសឡាវ។
បន្ថែមលើនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបណ្តាញអគ្គិសនីថែមទៀត ជាពិសេសតំបន់នៅជាប់ព្រំដែនផ្លូវគោក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
សូមជម្រាបថា វេទិកាធុរកិច្ចឡាវ-កម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងវិស័យដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នាពេលកន្លងមកឱ្យកាន់តែប្រសើរឡើងថែមទៀត៕