(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Sean Burke ប្រធានកម្មវិធី Humanitarian Demining Research and Development តាមរយៈក្រុមការងារអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
លោក Sean Burke បានបង្ហាញជូន លោកទេសរដ្ឋមន្ត្រី លី ធុជ នូវបច្ចេកវិជ្ជាថ្មីៗរបស់គម្រោង ក្នុងការបោសសម្អាតមីនដែលបាន និងកំពុងដាក់ឲ្យអនុវត្ត ក្នុង១៦ប្រទេសរួចហើយ លើសពីនេះ គម្រោងបានចាប់ផ្តើមចុះធ្វើការវាយតម្លៃការងារវិស័យមីននៅជាង៤០ប្រទេស ចាប់តាំងពីឆ្នាំ១៩៩៥។ សម្រាប់ប្រទេសកម្ពុជា គម្រោងនេះ បានជួយតាមរយៈអង្គការ HALO Trust អង្គការ MAG និងអង្គការ NPA ដោយដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិជ្ជាថ្មីៗ ដើម្បីបោសសម្អាត និងស្រាវជ្រាវតំបន់ដែលមានការសង្ស័យ។
ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ជំហរគាំទ្រដល់អាជ្ញាធរមីន ឲ្យលើកពីតម្រូវចាំបាច់សម្រាប់ជួយសម្រួលការងារពាក់ព័ន្ធ ការងារបច្ចេកទេស និងតម្រូវការផ្សេងទៀត ដែលចាំបាច់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីរួមចំណែកសម្រេចឲ្យបាន តាមផែនការយុទ្ធសាស្រ្ត (NMAS 2018-2025)។ ជាក់ស្តែង លោកបានចាប់ផ្តើមគាំទ្រ ផ្នែកពង្រឹងការគ្រប់គ្រទិន្នន័យវិស័យសកម្មភាព របស់អាជ្ញាធរមីន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់នូវការជួយគាំទ្រកម្ពុជាលើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោកទេសរដ្ឋមន្ដ្រី បានស្នើឲ្យគម្រោង Humanitarian Demining Research and Development បន្តផ្តល់ការគាំទ្រ បន្ថែមទៀតដើម្បីកម្ពុជាអាចសម្រេចគោលដៅ បោសសម្អាតមីនដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន (NMAS)៕