(សៀមរាប)៖ លោក Pierre-Andre Romano នាយកក្រុមហ៊ុនចម្រុះសិប្បករអង្គរ បានឱ្យដឹងថា ក្រុមហ៊ុនចម្រុះសិប្បករអង្គរ ជាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារ ដល់និយោជិតច្រើនជាងគេបំផុត នៅក្នុងទឹកដីខេត្តសៀមរាប ហើយក្រុមហ៊ុននេះគឺមាននិន្នាការសំខាន់បំផុតនោះគឺចូលរួមលើកស្ទួយ សិល្បៈ សិប្បកម្ម និងរក្សាការពារ បេតិកភណ្ឌដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ឱ្យបន្តបានភាពគង់វង្ស ស្ថិតស្ថេរយូរអង្វែង ហើយក៏បានចូលរួមលើកស្ទួយជីវភាពដល់និយោជិត នៅក្នុងខេត្តសៀបរាប ឱ្យមានភាពល្អប្រសើរផងដែរ។
លោក Pierre-Andre Romano បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់លោក ទៅកាន់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះធ្វើទស្សនកិច្ច នៅក្នុងក្រុមហ៊ុនចម្រុះសិប្បករអង្គរ នៅក្នុងទឹកដីខេត្តសៀមរាប។
នាយកក្រុមហ៊ុនចម្រុះសិប្បករអង្គរ បានថ្លែងយ៉ាងដូចនេះថា បេសកកម្មរបស់ក្រុមហ៊ុនចម្រុះសិប្បករអង្គរ គឺដើម្បីលើកស្ទួយឡើងវិញនូវ សិល្បៈ និងសិប្បកម្មនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តោតទៅលើ សិប្បកម្ម សិល្បៈរបស់ខ្មែរ និងការអភិវឌ្ឍប្រកបដោយចីរភព ហើយបេសកកម្ម ដែលសំខាន់បំផុតរបស់ក្រុមហ៊ុននោះគឺ ធ្វើយ៉ាងណា ឱ្យសង្គមក្នុងខេត្តសៀមរាបនេះ មានលទ្ធផលល្អប្រសើរ ហើយក្រុមហ៊ុនក៏បានផ្តោតការយកចិត្តទុដាក់ទៅលើ ការរក្សាការពារ បេតិកភណ្ឌដ៏សំបូរបែបរបស់ប្រទេសកម្ពុជាផងដែរ។
លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនចម្រុះសិប្បករអង្គរ គឺជាក្រុមហ៊ុនដែល បានផ្តល់ឱ្យការងារដល់និយោជិត ច្រើនជាងគេនៅក្នុងខេត្តសៀមរាប ដែលមានបុគ្គលិក សរុបចំនួន ១,១០០នាក់ ដែលមានសិប្បករ និងសិល្បករចំនួន ៨០០នាក់ មានរោងជាង ៤៨កន្លែង និងមានកសិដ្ឋាន ដើម្បីផលិតសូត្រផងដែរ។ សិប្បករទាំងអស់គឺបានទទួលការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ពីក្រុមហ៊ុន ដោយក្រុមហ៊ុនបានសន្យាថា និងផ្តល់ការងារឱ្យធ្វើនៅក្នុងក្រុមហ៊ុនតែម្តង ដោយឡែកពួកគេក៏មានសិទ្ធិក្នុងការ មិនធ្វើការនៅក្នុងក្រុមហ៊ុនផងដែរ ដោយពួកគេអាចទៅធ្វើការនៅកន្លែងផ្សេងៗ ក៏បានដែរ។ លើសពីនេះទៀតនោះ ក្រុមហ៊ុនក៏បានបណ្តុះបណ្តាលជំនាញមួយចំនួនទៀត ដើម្បីឱ្យពួកគាត់អាចបន្តអភិវឌ្ឍជំនាញរបស់ពួកគាត់បន្តទៀត ហើយនៅពេលបច្ចុប្បន្ននេះ ក៏មានសិប្បក៏មួយចំនួនបាន ឡើងនៅកាន់តួនាទីជាអ្នកគ្រប់គ្រងក្រុមហ៊ុនផងដែរ ។
លោកបានឱ្យដឹងទៀតថា ចាប់តាំងពីការចាប់កំណើតមក ក្រុមហ៊ុនចម្រុះសិប្បករអង្គរ បានរៀបចំបន្ថែមនូវ គោលការណ៍សង្គមថ្មីៗ ដើម្បីធានាឱ្យបានប្រាក់ចំណូលខ្ពស់ជាមធ្យម ព្រមទាំងបានផ្តល់ជូននូវសេវា ថែទាំសុខភាពផងដែរ ហើយក្នុងចំណោមសិប្បករទាំងអស់ មានសិប្បករចំនួន ៥ភាគរយ ជាជនពិការ មានន័យថា ក្រុមហ៊ុនបានគោរពគោលការណ៍សិទ្ធស្មើរគ្នា រវាងបុរស និងស្ត្រី។ ក្រុមហ៊ុនសិប្បករអង្គរ បានធ្វើឱ្យរស់ឡើងវិញនូវស្នាដៃសិល្បៈសិប្បកម្មប្រពៃណីខ្មែរ ប្រកបដោយជោគជ័យ និងបន្តខិតខំឱ្យបាននូវស្ថិរភាពការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារួមចំណែកជួយកាត់បន្ថយភាពក្រីក្រ ក្នុងខេត្តសៀមរាបផងដែរ។
លោក ម៉ៃ ហូត ដែលជាសិប្បករចម្លាក់នៅក្នុងក្រុមហ៊ុនចម្រុះសិប្បករអង្គរ និងជាអ្នករស់នៅខេត្តសៀមរាប បានឱ្យថា លោកបានធ្វើការនៅក្នុងក្រុមហ៊ុននេះ ពីរនាក់ប្រពន្ធរបស់លោក ចំនួន១៦ឆ្នាំមកហើយ ដោយលោកបានទទួលប្រាក់ខែចំនួន ៣០០ដុល្លារក្នុងមួយខែ ហើយចំនួនប្រាក់ខែនេះ គឺលោកអាចទទួលយកបាន ហើយនៅក្នុងក្រុមហ៊ុននេះ លោកធ្វើការក្នុងមួយថ្ងៃចំនួន៨ម៉ោង ដោយក្រុមហ៊ុនក៏បានផ្តល់ឱកាសឱ្យមានពេលសម្រាកខ្លះផងដែរ។ លោកបន្តថា សម្រាប់ការងាររបស់លោក នៅក្នុងក្រុមហ៊ុន ចម្រុះសិប្បករអង្គរនេះ ក៏មិនសូវជាលំបាកណាស់ណានោះទេ ដោយលោកត្រូវអង្គុយដាប់ចម្លាក់រូបពីថ្ម ទៅតាមរចនាបថរបស់ប្រាសាទអង្គរវត្ត ហើយលោកក៏អាចដាប់ចម្លាក់រូបបាន ជាច្រើនរូបខុសៗ គ្នាផងដែរ៕