(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូនេស៊ី បានជំរុញឲ្យមានការបង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកទឹកចិត្តប្រតិបត្តិករអាកាសចរណ៍ ឲ្យធ្វើប្រតិបត្តិការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៉ី លើកទី៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។
ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៤ ភាគីទាំងពីរបានបង្ហាញទស្សនៈរួមគ្នាថា ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅឆ្នាំ២០១៩ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានស្វាគមន៍គម្រោងរៀបចំសកម្មភាពរួមគ្នាជាច្រើន ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏ឱឡារឹកនេះ។
ភាគីទាំងពីរ ក៏បានពិភាក្សាយ៉ាងទូលំទូលាយ និងស៉ីជម្រៅ លើការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងវិធានការក្នុងការពង្រីក និងធ្វើឲ្យកាន់តែស៉ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ឧស្សាហកម្ម ថាមពល វប្បធម៌ ទេសចរណ៍ អប់រំ ព័ត៌មាន ការដឹកជញ្ជូន និងសុខាភិបាល។
រដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាលើកទឹកចិត្តឲ្យបញ្ចប់នីតិវិធីផ្ទៃក្នុង ដែលចាំបាច់សម្រាប់ការចូលជាធរមាន នៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ និងបានស្វាគមន៍គំនិតផ្ដួចផ្ដើមបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នការពារជាតិពាក់ព័ន្ធ នៃប្រទេសទាំងពីរ។
ខណៈកំពុងកត់សំគាល់ពីការរីកចម្រើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីទាំងពីរបានឯកភាពឲ្យមានការពិភាក្សាពី លទ្ធភាពក្នុងការធ្វើវិសោធនកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៉ី ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៧ ដើម្បីរួមបញ្ចូលការវិវត្តថ្មីៗ នៃពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរ។ កិច្ចប្រជុំបានឯកភាពលើកទឹកចិត្ត ការវិនិយោគលើឧស្សាហកម្ម ថ្នាំពេទ្យ ស៊ីម៉ង់ ជីគីមី កៅស៊ូ អាហារកែច្នៃ និងឧស្សាហកម្មរថយន្ត។ រដ្ឋមន្ត្រីទាំងពីរ ក៏បានស្វាគមន៍ការកើនឡើង ការវិនិយោគរបស់ឥណ្ឌូនេស៉ី នៅកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដោយកត់សម្គាល់ឃើញភាពវិជ្ជមាននេះ ភាគីឥណ្ឌូនេស៉ីឯកភាពបន្តលើកទឹកចិត្ត អ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ កិច្ចប្រជុំបានឯកភាពគ្នាសម្រួល ការធ្វើពាណិជ្ជកម្មបន្ថែមទៀត លើផលិតផលកសិកម្ម និងពន្លឿន កិច្ចពិភាក្សាលើអនុស្សរណៈ យោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
ភាគីទាំងពីរក៏បានលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធ ឲ្យពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៩ និងបានស្វាគមន៍គំនិតផ្ដួចផ្ដើមពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញទិដ្ឋភាពវប្បធម៌រួមរវាងកម្ពុជា និងឥណ្ឌូនេស៉ី។ លើសពីនេះ កិច្ចប្រជុំក៏បានលើកទឹកចិត្ត ឲ្យមានការបន្តសុពលភាព អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដែលនឹងត្រូវអស់សុពលភាព នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយគ្នានេះ ភាគីកម្ពុជាបានថ្លែងអំណរគុណ ចំពោះការបន្តជួយរបស់ឥណ្ឌូនេស៉ីក្នុងការផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៉ី ហើយភាគីទាំងពីរបានស្វាគមន៍គំនិតផ្ដួចផ្ដើមនៃកិច្ចសហការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា និងមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលនៃក្រសួងការបរទេសឥណ្ឌូនេស៉ី។
ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងសកល ដែលជាកង្វល់រួម ក្នុងនោះក៏មានគំនិតផ្ដួចផ្ដើម ឥណ្ឌូ-ប៉ាស៉ីហ្វិកផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៉ី លើកទី៥ នៅឆ្នាំ២០២០ នៅកម្ពុជា។ នៅពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៤ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី រ៉េតណូ អិល.ភី ម៉ារស៊ូឌី បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុស្ដីពីលទ្ធផលនៃកិច្ចប្រជុំផងដែរ៕