(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលបានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី លំហាត់សមយុទ្ធសាកល្បង ឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា ឆ្នាំ២០១៨ (KAMREX) ក្នុងការពង្រឹងសមត្ថភាពឆ្លើយតប របស់គណៈកម្មាធិការគ្រប់គ្រប់គ្រងគ្រោះមហន្តរាយ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើង ក្នុងការរៀបចំផែនការត្រៀមបំរុង និងរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយ តាមរយៈការទំនាក់ទំនងតាមរចនាសម្ព័ន្ធ។
សិក្ខាសាលានេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោក យិន ឃុនផយ តំណាងឲ្យលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង និងលោកស្រី ហ្រ្វែន សេស្តា អឺមិន នាយកអង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធនានា និងកងកម្លាំងប្រដាប់អាវុធ មកពីរាជធានីខេត្ត។ កម្មវិធីនេះ មានការរៀបចំ Kam Rex មានរយៈពេលចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងខេត្តបាត់ដំបង។
លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងគាំទ្រ និងបានសហការយ៉ាងជិតស្និត ជាមួយអគ្គលេខាធិការ នៃ គ.ជ.គ.ម ក្នុងការរៀបចំ ចាត់អញ្ជើញសមាជិក គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត មន្រ្តីកាកបាទក្រហមខេត្ត និងបានជួយសម្របសម្រួល ទីកន្លែងធ្វើសមយុទ្ធសាកល្បង លើតុក្នុងរយៈពេល២ថ្ងៃនេះ។
លោក ងួន រតនៈ បានបន្ដថា កន្លងមក ក៏ដូចនាពេលនេះដែរ ព្រមទាំងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ.ជ.គ.ម តំណាងក្រសួង-ស្ថាប័នចំនួន១៥ តំណាងគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចំនួន១៦ និងតំណាងអង្គការក្រៅរដ្ឋាភិបាលចំនួន១៥នាពេលនេះ។
លោកស្រី ហ្រ្វែនសេស្កា អឺដឺលមិន ជាសហប្រធានវេទិកាឆ្លើយតបមនុស្សធម៌ ដែលមានអង្គការចំនួន៣៣ជាសមាជិក បានលើកឡើងអំពីការជួយឧបត្ថមគាំទ្រ ជាថវិកាសម្រាប់ការរៀបចំ អង្គសិក្ខាសាលាថ្នាក់ជាតិ និងសូមកោតសរសើរ ចំពោះមន្រ្តីបច្ចេកទេស ក្នុងកម្មវិធីស្បៀងពិភពលោក និងមន្រ្តីអង្គការពាក់ព័ន្ធ បានកិច្ចសហការយ៉ាងជិតស្និត ជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង។
លំហាត់សមយុទ្ធសាកល្បងឆ្លើយតប គ្រោះអាសន្នកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ នានា ទាន់ពេលវេលាតាមរយៈការប្រើប្រាស់ «ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)» នឹងការលើកម្ពស់ការត្រៀមបង្ការ ការឆ្លើយតបបន្ទាន់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យ ដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
លោក យិន ឃុនផយ ក្នុងនាមតំណាង លោកទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណ ចំពោះអង្គការដៃគូ សប្បុរសជន និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ច យ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះ នាឆ្នាំកន្លងមក៕