(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំ ប្រទេសកម្ពុជា លើកទី៣ ដើម្បីជាការរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់អ្នកផលិត ជាពិសេសសហគមន៍កសិករ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីប្រភេទស្រូវ ដែលមានសក្ដានុពលចំនួនបីប្រភេទ សម្រាប់ការនាំចេញទៅក្រៅប្រទេស។
បើតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សម្រាប់ការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជាលើកទី៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីស្វែងរកជ័យលាភីចំនួន៣ លើប្រភេទស្រូវដូចជា៖
១.ជ័យលាភីលើប្រភេទស្រូវផ្ការំដួល, ២.ជ័យលាភីលើប្រភេទស្រូវសែនក្រអូប, និងទី៣.ជ័យលាភីលើប្រភេទស្រូវអ៊ីអ៊ែរ។
សូមបញ្ជាប់ផងដែរថា សម្រាប់សមាជិកសមាជិកា បណ្ដាសហគមន៍កសិកម្ម និងស្ថាប័ននានា ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត អាចទំនាក់ទំនងដើម្បីដាក់ពាក្យ បានដែលនឹងផ្ដើមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕