(សៀមរាប)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចម៉ែ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទជាផ្លូវការ នៃពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។
ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានរៀបចំពិធីបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងពិធីដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករនោះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជឱង្ការអំពាវនាវឲ្យមានការចូលរួមពី គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជន ជាអ្នកបន្តវេន លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ដោយព្រះអង្គបានចាត់ទុកថា ជាការងារគ្មានទីបញ្ចប់នោះឡើយ។
ព្រះមហាក្សត្រ ព្រះអង្គបានមានរាជឱង្ការរំលឹកថា រមណីយដ្ឋានអង្គរ បានចុះបញ្ជីក្នុងបេតិកភណ្ឌរបស់អង្គការ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្រោមព្រះរាជតំម្រិះដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានអំពាវនាវទៅអង្គការ UNESCO សូមឲ្យជួយស្រោចស្រង់អង្គរ។
ឆ្លើយតបនិងការអំពាវនាវនេះ សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើង នៅទីក្រុងតូក្យូ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់ រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការ UNESCO ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ ដល់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកា់ថា ICC-Angkor ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣។
ព្រះអង្គបានមានរាជឱង្ការបន្តថា ការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor នៅចំកណ្ដាលបេះដូង នៃក្រុងអង្គរធំ ដែលជាស្នាព្រះហស្តជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាក្សត្រសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញយ៉ាងច្បាស់ អំពីជោគជ័យជាប្រវត្តិសាស្ត្រនៃយន្តការអន្តរជាតិមួយនេះ ក្នុងកិច្ចដំណើរការ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាពនាពេលកន្លងមក ដែលផ្ដើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិ។
ជោគជ័យកន្លងមកនេះ ក៏បានបង្ហាញអំពីកាអនុវត្តន៍គោលនយោបាយវប្បធម៌ជាតិ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។ នេះជាព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ។
ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ICC-Angkor ដែលបានផ្ដល់នូវអនុសាសន៍ដ៏មានសារសំខាន់ ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ តាមរយៈយន្តការដែលបានក្លាយជាគំរូអន្តរជាតិរបស់អង្គការ UNESCO នេះ ICC-Angkor បានកៀងគរការចូលរួមកាន់តែច្រើនឡើងៗ ពីក្រុមអ្នកជំនាញការអន្តរជាតិជាច្រើន មកពីជុំវិញពិភពលោកដែលបច្ចុប្បន្នបាននិងកំពុង ធ្វើប្រតិបត្តិការ និងស្នើសុំកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់ ក្នុងការអភិរក្សស្រាវជ្រាវ បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍។
ជាងនេះទៀត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានថ្លែងអំណរគុណជាពិសេស ចំពោះប្រទេសបារាំង និងជប៉ុន ដែលក្នុងរយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ រួមចំណែកយ៉ាងធំធេង ដល់ភាពជោគជ័យនៃ ICC-Angkor។
ទ្រង់ក៏បានបង្ហាញពី ព្រះរាជឱង្ការសង្ឃឹមថា ICC-Angkor នឹងបន្តមានដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួនបានទទួលជោគជ័យដ៏ធំធេង ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្ដមប្រយោជន៍ជូនជនរួមជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
សូមបញ្ជាក់ថា ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
* ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
* ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
* ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
* ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
* ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
* ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕