(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃនឹងពិនិត្យលើការស្នើដកបម្រាមសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលអនុវត្តត្រឹមត្រូវ តាមសាលដីការបស់តុលាការកំពូលឡើងវិញ នៅពេលសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែលរដ្ឋសភាកំពុងរៀបចំនេះ ចូលជាធរមាន។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះថា ការសិក្សាដើម្បីរៀបចំសំណើនេះ អាចធ្វើទៅបានលុះត្រាតែវិសោធនកម្មច្បាប់ចូលជាធរមានប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចបានបង្ហើបថា អ្នកដែលត្រូវពិនិត្យនេះ ទាល់តែជាអ្នកដែលគោរពតាមសាលដីការបស់តុលាការ។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា នរណាដែលបានគោរពសាលដីកា គិតលើអ្នកគោរពសាលដីកាមុន»។ សម្តេចបានបន្តថា «បើយល់ថា នរណាគោរពសាលក្រមនោះ យើងទាំងអស់គ្នាយល់ហើយ ខ្ញុំមិនចាំបាច់ឆ្លើយទេអាហ្នឹង»។
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយកែប្រែទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាបញ្ជូនទៅឱ្យគណៈកម្មការទី០៦ ដើម្បីសិក្សា និងត្រួតពិនិត្យ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅឆាប់ៗនេះ។
សេចក្តីស្នើច្បាប់ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដើម្បីឱ្យនាយករដ្ឋមន្រ្តី មានសិទ្ធិស្នើថ្វាយព្រះមហាក្សត្រ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីផ្តល់នីតិសម្បទាជូនជនដែលតុលាកាហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិចូលរួមធ្វើនយោបាយពេញលេញឡើងវិញ។
មាត្រា៤៥ថ្មី (ស្ទួនមួយ) ដែលត្រូវបន្ថែមនេះមានខ្លឹមសារដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានព្រមានថា នៅពេលច្បាប់ចូលជាធរមានហើយ ជនណាដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ប៉ុន្តែនៅតែបំពានសាលដីការបស់តុលាការកំពូលនោះ នឹងមិនមានឈ្មោះនៅក្នុងបញ្ជីនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកណាដែលអនុវត្តត្រឹមត្រូវតាមសាលដីកាបានត្រឹមត្រូវ តាមសាលដីការបស់តុលាការកំពូលដែលហាមឃាត់សិទ្ធិធ្វើនយោបាយនោះ អ្នកនោះនឹងមានស្ថិតនៅក្នុងបញ្ជីរបស់រាជរដ្ឋាភិបាល ដើម្បីស្នើសុំទៅព្រះករុណា ដើម្បីប្រគល់សិទ្ធិធ្វើនយោបាយឱ្យវិញ ដោយឡែកនរណាដែលធ្លាប់បំពាន និងនៅតែបំពាន សាលដីកានេះ អ្នកនោះមិនអាចមានឈ្មោះនៅក្នុងបញ្ជីទេ»។
យ៉ាងណាក៏ដោយទាំង សម្តេចក្រឡាហោម ស ខេង និង អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានបង្ហើបអំពីការពិនិត្យសិទ្ធិធ្វើនយោបាយរបស់ លោក កឹម សុខា នោះទេ ដោយសារតែលោក កឹម សុខា នៅពេលនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ដែលជានីតិវិធីរបស់តុលាការនៅឡើយ ដែលខុសប្លែកអំពីអតីតថ្នាក់ដឹកនាំ អតីត CNRP មួយចំនួនទៀត។
លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និង មិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕