(ព្រៃវែង)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ នៅសាលប្រជុំមន្ទីរផែនការ ខេត្តព្រៃវែង លើមេរៀនចំនួនពីរ គឺ១៖ គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២៖ ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ចំនួន៧០រូប។
លោក យឹម សាភាន់ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង មានថ្លែងថា ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព របស់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អំពីគោលនយោបាយនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងអំពីការអនុវត្តជាក់ស្តែងនៅថ្នាក់ក្រោមជាតិ។
មេរៀនទាំងពីរខាងលើ ត្រូវបានរៀបចំឡើងដោយជំនាញការជាតិ-អន្តរជាតិ ក្រោមការគាំទ្រពី EU-UNDP នៅកម្ពុជា។ ខ្លឹមសារមេរៀនរួមមាន៖ សង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គមវិមជ្ឈការ និងវិមជ្ឈការ នៅកម្ពុជា តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើផែនការរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់។
ដោយឡែក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង នឹងបើកវគ្គដូចគ្នានេះ ដល់សមាជិកក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ចំនួន៧៥រូបផ្សេងទៀត នៅសាលាស្រុកកំចាយមា។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សា ក្នុងគោលដៅផ្តល់សេវាមានប្រសិទ្ធភាពដល់សមាជិក។ បច្ចុប្បន្ន ក្រុមប្រឹក្សាក្រុង ស្រុក ចំនួន១៣ និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១១៦ នៅទូទាំងខេត្តព្រៃវែង គឺជាសមាជិករបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង៕