(សៀមរាប)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។
ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ ត្រូវបានដង្ហែតម្កល់ក្នុងចេយតិ មុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាបរួចហើយ នៅម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
ការដង្ហែធាតុរបស់លោកវេជ្ជបណ្ឌិតមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ និងបងស្រីរបស់លោកវេជ្ជបណ្ឌិត ដែលអញ្ជើញមកពីប្រទេសស្វីស និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា យ៉ាងច្រើនកុះករ ដោយបង្ហាញនូវអារម្មណ៍ក្តុកក្តួល សោកសង្រេងដែលបាត់បង់នូវវីរៈបុរសរបស់កម្ពុជា ក្នុងការងារសង្គ្រោះជីវិតមនុស្ស។
ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ បានដឹកពីប្រទេសស្វីស ទឹកដីកំណើតខ្លួន មកដល់ខេត្តសៀមរាបហើយ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
បន្ទាប់ពីបានយកមកដល់ព្រលានយន្តហោះ ធាតុរបស់លោកត្រូវបានហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុរបស់លោក។ នៅតាមដងផ្លូវគេសង្កេតឃើញមានមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនឈរនៅអមសងខាងផ្លូវ សម្តែងសមានទុក្ខ និងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក។
គួររំលឹកថា លោកវេជ្ជបណ្ឌិត Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះនៅឯប្រទេសកំណើតរបស់លោក។ ក្រោយបានធ្វើពលីកម្មដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជាអស់រយៈពេលប្រមាណ ២៥ឆ្នាំ លោកវេជ្ជបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជាទាំងចិត្តមិនចង់កាលពីខែមីនា ឆ្នាំ២០១៧។