(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងទិវាជនពិការភាពលើកទី២០ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៦ នៅសាលមហោស្រពកោះពេជ្រ។
ពិធីនេះ មានការចូលរួមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឯម ច័ន្ទមករា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនពិការសរុបចំនួន៣,៥០០នាក់។
សូមជំរាបថា ទិវាជនពិការភាពលើកទី២០ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៦ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរជោគជ័យ លើវិស័យសុខុមាលភាពជនពិការនៅកម្ពុជា ហើយបន្តបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួម របស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការទស្សវត្សរ៍ជនពិការ ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិច ឆ្នាំ២០១៣-២០២២ (យុទ្ធសាស្ត្រអីឈាន់ «ធ្វើឲ្យក្លាយជាការពិត») ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីនេះត្រូវប្រារព្ធឡើង ដើម្បីបង្កើន ការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួល ដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឲ្យគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ការហ្វឹកហ្វឺនបផ្នែកផ្សេងៗជាច្រើន។
បច្ចុប្បន្នគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋាភិបាល ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព សមត្ថភាព និងការការពារជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅដ្ឋានជូនជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។ រដ្ឋាភិបាល ក៏បានរៀបចំបង្កើតឲ្យមានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការភ្នែក និងជនពិការគថ្លង់ ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។ល។
សម្តេចបានសំណូមពរ សូមគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ឲ្យបន្តលើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម៕