(ភ្នំពេញ)៖ ក្រុមចោរដែលមានជំនាញខាងឆក់សម្ភារមានតម្លៃ របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីយកលុយជក់គ្រឿងញៀនមួយក្រុមមានគ្នា៣នាក់ ត្រូវបានតុលាការលើកយកសំណុំរឿងពួកគេមកកាត់ទោស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមចោរទាំង៣រូបរួមមាន៖ ទី១-ឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ ២២ឆ្នាំ មុចរបរចោរ, ទី២-ឈ្មោះ ត័យ ពៅ ហៅ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ចោរ និងទី៣-ឈ្មោះ យឹម ភារុណ ហៅ រុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ចោរ។
ក្រុមចោរជំនាញខាងឆក់ប្លន់ខាងលើនេះដែរ ត្រូវបានលោកព្រះរាជអាជ្ញារង ហោ លីណា ចោទប្រកាន់ពីបទលួច (ឆក់កាបូប) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប៉ុន្តែបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលចាប់ខ្លួនបញ្ជូនទៅតុលាការចោរទាំង៣នាក់ ត្រូវបានសន្និដ្ឋានថា អំពើឆក់ការបូប ដែលពួកគេបានប្រព្រឹត្តនោះជាអំពើ លួចមានស្ថានទម្ងន់ទោស ដែលជាបទឧក្រិដ្ឌ។
គួរកត់សម្គាល់ថា នៅក្នុងសវនាការជាសាធារណៈ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ ពិតជាសំណាងណាស់ ដែលតំណាងអយ្យការកាន់សំណុំរឿង និងចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់ និងបញ្ជូនរឿងឲ្យលោកជំនុំជម្រះពីបទលួច ដែលជាបទមជ្ឈិម ដែលបទចោទនេះ ប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារត្រឹមតែ៦ខែទៅ៣ឆ្នាំប៉ុណ្ណោះ។
សូមជម្រាបជូនថា ឈ្មោះ បៀវ ឈុនហេង ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៣៣៨៤ "ត" ដ.ឃ.ដ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ , ឈ្មោះ ត័យ ពៅ ហៅ ពៅ ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៤៨៨០ "ក១" ដ.ឃ.ដ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងឈ្មោះ យឹម ភារុណ ហៅ រុណ ត្រូវបានឃុំខ្លួន តាមដីកាឃុំខ្លួនលេខ ៦៧០៩ "ក១" ដ.ឃ.ដ ចុះថ្ងៃទី២២ខែមេសា ឆ្នាំ២០១៨។
គួររំលឹកថា ក្រុមចោរជំនាញទាំង៣នាក់ខាងលើត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះ ជាជនជាតិចិន ឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
ក្រោយពីសាកសួរដេញដោល យកចម្លើយក្រុមលោកចោររួច ចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលទៅប្រកាសសាលក្រមផ្តន្ទាទោស ក្រុមចោរទៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ៕