(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកអង្គសិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។
ក្នុងពិធីនេះក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា, ថ្នាក់ដឹកនាំសាសនា លោក លោកស្រី សីលវ័ន្ដ សីលវតី និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិក នៃគ្រប់និកាយសាសនានៅកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ សាលសន្និសីទចតុមុខ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាគ្នា ផ្លាស់គំនិតប្ដូរយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍សាសនានីមួយៗ ជៀសផុតពីគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិខ្មែរទាំងមូល។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដោយធ្វើការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនារបស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្ដរជាតិ។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ការអនុវត្តនូវគោលនយោបាយការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសិកនៃសាសនានីមួយៗ នៅកម្ពុជាកាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សាភ្ជាប់គ្នាជាមួយការគោរពដើរតាមមាគ៌ា នៃគោលនយោបាយរាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ដោយសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ម៉ត់ចត់ និងសមស្របតាមការវិវត្ដន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទូយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា។
សូមជម្រាបថា សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នេះនឹងត្រូវបិទនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា៕