(សៀមរាប)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ យាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ថា ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ បានដឹកពីប្រទេសស្វីស ទឹកដីកំណើតខ្លួន មកដល់ខេត្តសៀមរាបហើយ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ៨ព្រឹក ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ ៧០០អង្គ។
បន្ទាប់ពីបានយកមកដល់ព្រលានយន្តហោះ ធាតុរបស់លោកត្រូវបានហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុរបស់លោក។
ពិធីដង្ហែមានការបើកផ្លូវដោយរថយន្តសឺរ៉ែនរបស់មន្ត្រីនគរបាល និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ព្រមទាំងមានការលេងភ្លេងពិណពាទ្យអមផងដែរ។
នៅតាមដងផ្លូវគេសង្កេតឃើញមានមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនឈរនៅអមសងខាងផ្លូវ សម្តែងសមានទុក្ខ និងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក៕