(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន៥ ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជាទៀតហើយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងនោះខេត្តកំពង់ចាម ជាគោលដៅទី២ ក្នុងចំណោមខេត្តទាំង៥ ខណៈខេត្តទី១គឺ ខេត្តព្រះសីហនុ និងត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុន ប្រកបដោយភាពផ្លែផ្កា។
សិក្ខាសាលនេះបានលើកយកប្រធានបទស្ដីពី «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា» និងមានគោលបំណងផ្សព្វផ្សាយ ព្រមទាំងពង្រីកការយល់ដឹងអំពី ការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា កសាងទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវជំនាញ និងយុទ្ធសាស្រ្ដចាំបាច់សម្រាប់ការវិនិយោគមួយនេះ។
ខេត្តដែលត្រូវចុះធ្វើសិក្ខាសាលាបន្ដនោះគឺ ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខេត្តទាំងអស់នេះ ត្រូវបានចាត់ទុកជាខេត្តមានសក្ដានុពលខ្ពស់ ដោយសារតែចំនួនប្រជាជន, ប្រវត្តិវិនិយោគ និងកម្រិតជីវភាពប្រជាជន។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា និងការសម្រួលដល់ការរីកលូតលាស់ នៃទីផ្សារស្របច្បាប់។
លោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឈ្មួញជើងសាក្នុងការផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយ ការពារវិនិយោគិនក៏ដូចជា វិធីសាស្រ្តការពារហានិភ័យផងដែរ។
លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម គម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃ គណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ព្រមទាំងការរីកចម្រើន នៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា, ក្របខ័ណ្ឌបទប្បញ្ញាតិ, បញ្ហាប្រឈម និងផែនការរបស់គណៈកម្មការមូលបត្រ ក្នុងការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។
តាមរយៈការចូលរួមរបស់ក្រុមហ៊ុន ក្នុងព្រឹត្តិការណ៍ទាំងអស់នៃ គណៈកម្មការមូលបត្រកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនបទដ្ឋាននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ឱ្យស្របនឹងបទដ្ឋានអន្តរជាតិ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញនូវឧទាហរណ៍ជាក់ស្ដែងមួយនៃ ភាពមានវិជ្ជាជីវៈពិតប្រាកដ និងបានជំរុញឱ្យក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗ ធ្វើការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង បានសំដែងក្ដីរីករាយក្នុងការចូលរួម សិក្ខាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់អំពីការយល់ដឹង លើការជួញដូរឧបករណ៍ហិរញ្ញវត្ថុឱ្យទូលំទូលាយនេះ ជាការងារចម្បងមួយរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។
លោកបន្ដថា នៅដើមឆ្នាំ២០១៨ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង បានបង្ហាញវត្តមានរបស់ខ្លួន ក្នុងពិព័រណ៍អន្តរជាតិ នៅប្រទេសសាយប្រឺស ក្នុងនោះដែរក្រុមហ៊ុនបានចូលរួម ការតាំងពិព័រណ៍អន្តរជាតិដ៏ធំមានឈ្មោះថា «2018 London Summit» នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកានេះផងដែរ។ ទីនោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង ជាក្រុមហ៊ុនតែមួយគត់ដែលមកពីប្រទេសកម្ពុជា និងតំបន់អាស៊ីហើយបានបង្ហាញពីវប្បធម៌ និងឱកាសវិនិយោគជាច្រើន សម្រាប់វិនិយោគិនបរទេសប្រកបដោយមោទភាព។
លោក Lawrence បន្ថែមថា «ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តឆ្ពោះទៅរកសក្តានុពលពេញលេញ។ ក្រុមហ៊ុនឈ្មួញជើងសាមកពីបណ្តាប្រទេសផ្សេងៗដូចជា ប្រទេសជប៉ុន, ប្រទេសចិន និងប្រទេសវៀតណាម បានចូលរួមជាមួយក្រុមហ៊ុន ហើយក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជាក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បាននាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅលើឆាកអន្តរជាតិ»។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានបញ្ចប់ទៅដោយ ភាពផ្លែផ្កាដោយមានអ្នកចូលរួមជិត២០០នាក់ ក្នុងនោះពួកគេម្នាក់ៗ បានបង្ហាញពីចំណាប់អារម្មណ៍ ទៅលើការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាសញ្ញានៃអនាគតភ្លឺស្វាង របស់វិស័យឧបករណ៍និស្សន្ទនៅកម្ពុជា៕