(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជាដែរ កំពុងតែប្រឈមមុខនឹងបញ្ហាសុខភាពសាធារណៈថ្មីៗជាច្រើន ពិសេសការកើនឡើងនៃភាពសុំារបស់មេរោគទៅនឹងថ្នាំផ្សះ ដែលជាប្រភេទឱសថ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើមនុស្ស និងក្នុងវិស័យកសិកម្ម និងចំណីអាហារ ។
លោកសាស្ដា្រចារ្យបញ្ជាក់ថា ក្រសួងសុខាភិបាល តាមរយៈវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានសហការជាមួយដៃគូពាក់ព័ន្ធជាតិ-អន្ដរជាតិ បានអនុវត្ដយ៉ាងទៀងទាត់ និងសកម្មនូវការងារប្រមូលភស្ដុតាងបែបវិទ្យាសាស្ដ្រ និងយករបកគំហើញនៃការស្រាវជ្រាវមកពិចារណា សម្រាប់រៀបចំគោលនយោបាយថ្មីៗបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ដោយពិនិត្យលើយុទ្ធសាស្ដ្រផ្សេងៗដែលមានសក្ដានុភាព ក្នុងការទប់ស្កាត់ការសុំាទៅនឹងថ្នាំផ្សះនេះ ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបើកសន្និសីទអន្ដរជាតិ លើកទី៥៩ ស្ដីពី «ភាពសុំា របស់ថ្នាំផ្សះ »ដែលមានការអញ្ជើញចូលរួមពីដៃគូពាក់ព័ន្ធជាតិ និងអន្ដរជាតិ ជិត៣០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។
រដ្ឋមន្ដ្រី បានថ្លែងបន្ដថា «ការរៀបចំសន្និសីទនាថ្ងៃនេះ ពិតជាបានឆ្លើយតបទៅនឹងតំរូវការជាក់ស្ដែងរបស់កម្ពុជា ពិសេសចំពេលក្រសួងសុខាភិបាល បាននឹងកំពុងធ្វើការឆ្លើយ ទៅនឹងបញ្ហានៃភាពសុំា ទៅនឹងថ្នាំផ្សះយ៉ាងសកម្ម តាមរយៈការពង្រឹងការគ្រប់គ្រងគុណភាពឱសថនាំចូលកម្ពុជា ការបង្កើនការយល់ដឹងពីការប្រើប្រាស់ថ្នាំផ្សះ នៅក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម និងចំណីអាហារ និងការបង្កើតកម្មវិធីសម្រាប់ជំរុញការប្រើប្រាស់ថ្នាំផ្សះ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព» ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា «ការគ្រប់គ្រងប្រើប្រាស់ថ្នាំផ្សះ ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដូចជា ប្រទេសកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឲ្យមាន ប្រព័ន្ធប្រមូលទិន្ន័យមួយ ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយទិន្ន័យនេះ នឹងបានវិភាគដោយអ្នកស្រាវជ្រាវ ដើម្បីដាក់ចេញជាអនុសាស្ដ្រសម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រងការប្រើប្រាស់ឱសថ ។សម្រាប់កម្ពុជា កន្លងមកនេះ ខ្ញុំបានណែនាំឲ្យគ្រឹះស្ថានព្យាបាលជំងឺទាំងអស់ រៀបចំការចេញវេជ្ជបញ្ជារបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ហើយត្រូវរក្សាវេជ្ជបញ្ជាទាំងនោះ ទុកជាឯកសារសម្រាប់ក្រសួងសុខាភិបាល យកមកធ្វើការសិក្សាទៅលើការប្រើប្រាស់ឱសថ ពិសេស គឺការប្រើប្រាស់ថ្នាំផ្សះ» ។
ជាជំហ៊ានៗ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមពង្រឹងការងារកត់ត្រាឱសថដែលប្រើប្រាស់នេះ ដែលជាផ្នែកមួយនៃការងារកែលម្អគុណភាព សេវាសុខាភិបាលផងដែរ ។ ទន្ទឹមនឹងនេះដែរ ក្រសួង បាននឹងកំពុង រៀបចំច្បាប់ស្ដីពី ការគ្រប់គ្រងសេវាសុខាភិបាល ដែលច្បាប់នេះ នឹងសង្កត់ធ្ងន់ទៅលើការធានាគុណភាព និងត្រួតពិនិត្យសេវាសុខាភិបាល រួមទាំងសេវាលក់ដូរ និងប្រើប្រាស់ឱសថផងដែរ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងទៀតថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសុខភាពរបស់ប្រជាជន គឺជាសិទ្ធដែលប្រជាជនគ្រប់ៗរូបដែលទទួលបាន ហើយដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានខិតខំប្រឹងប្រែង ផ្ដល់សេវាការពារសុខភាព សេវាព្យាបាល និងថែទាំជំងឺ ព្រមទាំងសេវាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការពង្រីកការគ្របដណ្ដប់នៃការបង្កើនគុណភាពនៃសេវាសុខាភិបាល និងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជន ដោយសារការប្រើប្រាស់» ។
លោកសាស្ដ្រាចារ្យ បន្ថែមថា នៅក្នុងការងារគ្រប់គ្រងសុខភាពរបស់ប្រជាជន ក្រសួងសុខាភិបាល តែងតែវាយតម្លៃខ្ពស់ ដល់របបគំហើញវិទ្យាសាស្ដ្រ និងបានយករបកគំហើញទាំងនោះ មកធ្វើការពិចារណា ឬប្រើប្រាស់នៅក្នុងការរៀបចំគោលនយោបាយសុខាភិបាល ក៏ដូចជាការរៀបចំនូវយុទ្ធសាស្ដ្រខ្លី-វែង សម្រាប់អនុវត្ដនៅកម្ពុជា និងចូលរួមនៅក្នុងចលនាសុខភាពសាធារណៈនានារបស់ពិភពលោក ។ជាលទ្ធផលស្ថានភាពសុខភាពប្រជាជនកម្ពុជា មានភាពប្រសើរឡើងជាលំដាប់ ជាក់ស្ដែងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយមកនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីកាត់បន្ថយអត្រាស្លាប់ មាតា និងទារក ក៏ដូចជាការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ នៅក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ដោយយុទ្ធសាស្ដ្រទាំងនោះ សុទ្ធតែឈរលើមូលដ្ឋាននៃការស្រាវជ្រាវ ៕