(ភ្នំពេញ)៖ បច្ចុប្បន្នអាជីវកម្មផ្គត់ផ្គង់សំភារៈផ្ទះបាយ ហាក់កើនឡើងខ្លាំង ការកើនឡើងនោះបណ្ដាលមកពី មានការបើកហាង ក៏ដូចជាភោជនីយដ្ឋានជាច្រើននៅកម្ពុជា៕ ជាក់ស្ដែងដើម្បីបំពេញតម្រូវការទាំងនេះក្រុមហ៊ុន រីនណៃ (Rinnai) ជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ និងជាផលិតផលលេខ១នាំចូលពីប្រទេសជប៉ុន បាននាំចូល និងដាក់បង្ហាញនូវផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីទៀត។
ជាមួយការតាំងបង្ហាញផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីនេះក្រុមហ៊ុន រីនណៃ ក៏បានរៀបចំកម្មវិធីជប់លៀង ជូនដល់អតិថិជនដែលតែងតែគាំទ្រផងដែរ។ សូមជម្រាបថា ក្រុមហ៊ុនរីនណៃជប៉ុន បានសហការជាមួយក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ដើម្បីមានសិទ្ធិនាំចូល និងចែកចាយផលិតផលពីក្រុមហ៊ុន រីនណៃ។
លោក Yuzo Yoshida តំណាងផ្នែកអាជីវកម្មក្រៅប្រទេសនៃ ក្រុមហ៊ុន រីនណៃជប៉ុន ឲ្យដឹងថា ក្រុមហ៊ុន រីនណៃ បានកើតឡើងតាំងពីឆ្នាំ១៩២០ និងមានបទពិសោធន៍ជិតមួយរយឆ្នាំ ក្នុងការផលិតឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម។
លោកបន្ដថា បច្ចុប្បន្ន រីនណៃ បានលក់ផលិតផលរបស់ខ្លួននៅជាង៨០ប្រទេស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១៧។ ជាក់ស្ដែងក្នុងប្រទេសជប៉ុន រីនណៃ ជាប់លំដាប់ថ្នាក់ទី១ដែលមានចំនែកទីផ្សារធំជាងគេ ខាងផ្នែកផលិតឧបករណ៍ប្រើថាមពលហ្គាស។
លោកថា ដោយឡែកនៅទីផ្សារក្រៅប្រទេស រីនណៃ ក៏ទទួលបានចំណែកទីផ្សារធំលេខ១ផងដែរដូចជា៖ ទីផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីល លើផលិតផលម៉ាស៊ីនទឹកក្ដៅ ប្រើថាមពលហ្គាស។
លោកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិការក្រុមហ៊ុន ខេមខូណា ត្រេឌីង ឲ្យដឹងថា «ក្រុមហ៊ុនខេមខូណាបានផ្ដើមទំនាក់ទំនង អាជីវកម្មជាមួយក្រុមហ៊ុន រីនណៃ ប្រមាណជាង៦ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយបន្ថែម នូវផលិតផលចង្ក្រាន និងម៉ាស៊ីនបឺតផ្សែង»។
លោកស្រីបន្ដថា «ការលក់របស់ផលិផលរីនណៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងឥតឈបឈរ ការកើនឡើងមកពី ផលិតផលរបស់រីនណៃ ជាផលិតផលល្អមានគុណភាពខ្ពស់ និងព្រមទាំងមានការពេញនិយមក្នុងប្រទេសកម្ពុជា ជាក់ស្ដែងសម្រាប់ឆ្នាំនេះមានការកើនឡើងរហូតដល់២៥ភាគរយ»។
លោកស្រីបន្ថែមថា ផលិតផលម៉ាករីនណៃមានការពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងឆាប់រហ័សពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារតែរីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព, ប្រើធន់បានយូរ, មានសុវត្ថិភាព, សន្សំសំចៃថាមពល, រចនាម៉ូតទាន់សម័យ ព្រមទាំងសេវាកម្មល្អ។
លោកស្រីបញ្ជាក់ថា សម្រាប់ផលិតផលថ្មីនេះនឹងមានការគាំទ្រច្រើនពី សំណាក់អតិថិជន ដូចផលិតផលមុនៗដែរ៕