Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​​នាយ​ឧត្តមសេនីយ៍ ​ជួន ​សុវណ្ណ ​ដឹកនាំ​​ប្រតិភូ​​ចូលរួម​កិច្ចប្រជុំ​ត្រី​-​​ទ្វេភាគី ​កម្ពុជា​-​វៀតណាម​-​ឡាវ ​លើក​ទី១៧ ​ស្តី​ពី ​«​កិច្ច​សហប្រតិបត្តិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​» ​នៅ​ប្រទេស​ឡាវ

05-12-2018 20:51

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រលប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ​​កម្ពុជា ទៅចូលរួមកិច្ចប្រជុំត្រី​-ទ្វេភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៧ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

កិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំត្រីភាគី រវាងប្រទេសទាំង៣​ខាងលើនេះ សមាសភាពកម្ពុជា ដែលបានអញ្ជើញចូលរួមមាន​ចំនួន១៨នាក់ រួមមាន៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ អ.ជ.ប.គ.ញ, លោក ឈុំ វណ្ណរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល, លោក ជា ចំណាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្ត នៅតាមបណ្តាព្រំដែនកម្ពុជា-វៀតណាម និងឡាវផងដែរ។

សូមជម្រាបថា កិច្ចប្រជុំត្រីភាគី-ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅប្រទេសឡាវនេះ គឺសំដៅពង្រឹងពង្រឹកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជន​ទាំងបី ដែលធ្លាប់មាន​ប្រពៃណី​ ទំនាក់ទំនងគ្នាដ៏យូរលង់​មកហើយនោះ ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។

​ជាពិសេសកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន ដែលបច្ចុប្បន្នបញ្ហានេះ បាននិងកំពុងបន្តការគំរាមកំហែង ដល់សុខមាលភាព ប្រជាជន សន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិ នៃបណ្ដាប្រទេសទាំងនៅក្នុង និងក្រៅតំបន់ ក្នុងនោះ រួមទាំងប្រទេសជាតិ​ផងដែរ៕​