(ស្វាយរៀង)៖ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវឲ្យក្រុមហ៊ុនសន្តិសុខឯក និងសហគ្រាសទាំងអស់ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនណាដែលមិនទាន់មានច្បាប់ ត្រូវរួសរាន់ទៅសុំច្បាប់ពីអាជ្ញាធរ និងសមត្ថកិច្ចដែលក្រុមហ៊ុនរបស់ខ្លួនកំពុងបោះទីតាំង ជៀសវាងការប្រឈមជាមួយនឹងការពិន័យ។
ទន្ទឹមនឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយនោះ ក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសទាំងអស់ ក៏ត្រូវរៀបចំឯកសណ្ឋានបុគ្គលិកឲ្យបានស្អាតបាត សមរម្យសក្តិសម ជាបុគ្គលិកសន្តិសុខឯកជន។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ធ្វើឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញច្បាប់ ភ្នាក់ងារសន្តិសុខឯកជន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានសន្តិសុខឯកជន ចូលរួមជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ទៅលើសាវតា ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗ មុននឹងសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការងារ ព្រោះខ្លាចក្រែងប៉ះចំបុគ្គលិកដែលមានប្រវត្តិមិនល្អ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុន។
អគ្គស្នងការរងរូបនេះ បានបន្តថា ភ្នាក់ងារសន្ដិសុខឯកជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រៅអំពីភារកិច្ចរបស់ខ្លួនដែលឈរជើងនៅតាមគោលដៅគ្រឹះស្ថានឯកជន ដែលការចូលរួមចំណែកនេះ គឺពិតជាមានសារសំខាន់ ក្នុងការបំពេញភារៈកិច្ចរបស់ខ្លូន ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លើសពីនេះ លោកឧត្តមសេនីយ៍ ឌី វិជ្ជា ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថាន ត្រូវចាត់បញ្ជូន ភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែទទួលបានការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕